ទំព័រដើមប្រវត្តិសាស្ត្រពាក្យ “ចារឹក ស្លឹករឹត និងគម្ពីរ”

ពាក្យ “ចារឹក ស្លឹករឹត និងគម្ពីរ”

នាពេលបច្ចុប្បន្ននេះ យើងយល់ថាពាក្យ ចារឹក ជាពាក្យតែមួយម៉ាត់ ប៉ុន្ដែបើមើលឱ្យវែងឆ្ងាយបន្ដិច​ នោះនឹងឃើញថាកើតមកពីពាក្យពីរផ្សំគ្នា។ ន័យបច្ចុប្បន្នរបស់ពាក្យ ចារឹក គឺចារ សរសេរ ឬកត់ ប៉ុន្ដែបើយើងមើលអ្វីដែលគេចារឹក​រួច​ហើយ ​ដូច​ជា​គោលចារឹក ផ្ទាំងចារឹក សិលាចារឹកជាដើមនោះ សុទ្ធតែកើតដោយដែកចារ​ ឬដាប់ផ្ទៃឱ្យខូងជ្រៅ​ពុំគ្រាន់តែសរសេរធម្មតាដោយប្រើប៊ិក ឬខ្មៅដៃនោះទេ។

ពាក្យ ចារឹក កើតមកពីពាក្យ ចារ និង រឹក។ ពាក្យ ចារ យើងយល់ដោយងាយរួចហើយ។ រីឯ រឹក ជាពាក្យមកពីសំស្ក្រឹតថា រិក្ត១ (បើអានតាមមាត់ខ្មែរឥឡូវថា រឹក) មានន័យថាផ្ទៃទទេស្អាតគឺសំដៅដ​ល់​ផ្ទាំងថ្ម លោហៈ ស្លឹករុក្ខជាតិជាដើម ដែលគេបានសម្អាតផ្ទៃឱ្យស្អាត ហើយប្រើសម្រាប់ចារអត្ថបទអ្វីមួយ។ ពាក្យ​នេះជួបច្រើនក្នុងសិលាចារឹកខ្មែរបុរាណដូចជា៖ ទុក្តវ្រះរិក្ត (K.598B:​45) = ចារលើព្រះ​រិក្ត, ទុក្តវ្រះរិក្តបិទុក៑នាកម្រតេងជគតឝ្រីឝិខរិឝ្វរ (K.380W:20) = ចារលើ​ព្រះរិក្តដើម្បីទុកនៅប្រាសាទស្រីសិខរិសូរ(ប្រាសាទព្រះវិហារ)។ល។

ចំណែកពាក្យ ស្លឹករឹត មកពីពាក្យ ស្លឹក និងរឹតស្លឹក ទីនេះ សំដៅដល់ស្លឹកទ្រាំងដែលគេកាប់យកកំពូលមកធ្វើតាមលំដាប់លំដោយ ដើម្បីបានជាសន្លឹកដែលនឹងប្រើសម្រា​ប់ចារអក្សរលើនោះបាន។ រឹត ជាសំណេរក្លាយពីបាលី រិត្ត ដែលត្រូវនឹង​ពាក្យសំស្ក្រឹតថា រិក្ត ដូចបានបង្ហាញខាងលើរួចហើយ។ នៅពេលដែលគេចារអក្សរលើនោះ​ គេលែងហៅថា ស្លឹករឹត ទៀតហើយ ហៅថា សាស្ត្រាវាន​ (សាស្ត្រាក្បួន ប្រវែងខ្លីជាងសាស្ត្រា​ទូទៅ​) វិញ​។ នៅក្នុងអត្ថបទ​សិលាចារឹកសំស្ក្រឹតហៅ ស្លឹករឹត នេះថា រិក្តបត្ត្រ (K.290D:6)។ បត្រ ជាពាក្យសំស្ក្រឹតមានន័យថា ស្លឹក សន្លឹក។ ដូច្នេះ រិក្តបត្ត្រ មានន័យថា ស្លឹករឹត នេះឯង។

នៅក្នុងវចនានុក្រមខ្មែរ​ពន្យល់ពាក្យ គម្ពីរ ថាមានប្រភពមកពីពាក្យ​ក្លាយមកពីបាលី​​ថា គម្ភរី មានន័យថាជ្រៅ​ គឺសំដៅដល់សាស្ត្រា ច្បាប់​ ធម្មវិន័យ​ ដែលរួបរួមដោយពួក ដោយប៉ែក ដោយខ្សែ។ សិលាចារឹកភាសាខ្មែរសរសេរពាក្យនេះ​ជា កំវិកំវី​​ ក្រោយមកក្លាយជា កំពីកំវិកំវី ជាពាក្យខ្មែរ​បុរាណដែលកម្លាយមកពីពាក្យ​ វី ​ត្រូវនឹងពាក្យខ្មែរទំនើបថា ពី ដូចពាក្យថា ពីនេះពីនោះ គឺសំដៅដល់រឿងនេះផង រឿងនោះផងជាដើម​។ ពាក្យ វី នេះបង្កើតបានជាពាក្យ អ្វី និង អំវិ អំវី(អំពី) ដែលពាក្យទាំងពីនេះសុទ្ធតែបញ្ជាក់ពីរឿង ឬហេតុការណ៍អ្វីមួយ។

យើងឃើញថា កំវី ច្រើនតែកត់ត្រារឿងរ៉ាវសំខាន់​នានា  ដែលភាគច្រើនជាការត្រាស់បង្គាប់របស់ព្រះរាជាផង។ ក្នុងសិលាចារឹកថ្មីមួយ​រក​ឃើញ​នៅស្រុកបរវេល ខេត្តបាត់ដំបង ព្រះមហាក្សត្របានត្រាស់បង្គាប់ឱ្យគេចារគម្ពីរ​មាស​ដាក់នៅកន្លោងព្រះ(ប្រាសាទ)ដូចមានឃ្លាថា វ្រះប្រេទុក្តវ្រះរិក្តកំវិមាសអាយ៑កន្លោ​ង៑វ្រះ មានន័យថា ព្រះមហាក្សត្រ​ត្រាស់ឱ្យចារព្រះរិក្តគម្ពីរមាសទុកនៅកន្លោងព្រះ។

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!