ទំព័រដើមប្រវត្តិសាស្ត្រអំពីពាក្យ «គង្ហីង»

អំពីពាក្យ «គង្ហីង»

យើងប្រទះឃើញវត្តមាន នាងគង្ហីងព្រះធរណី នៅក្នុងសង្គមខ្មែរច្រើនកន្លែងដូចជាគំនូរ​ឈុតព្រះពុទ្ធផ្ចាញ់មារ កិច្ចប្រុងពលី សន្លឹកពពិល និងជាចម្លាក់ទោលដូចនៅរង្វង់មូល​នាងគង្ហីងជាដើម។ ត្រង់ឈុតផ្ចាញ់មារ ឬ មារវិជ័យ  យើងសង្កេតឃើញមាននៅ​ប្រទេសកម្ពុជា ថៃ ឡាវ និងភូមា ដែលនិយមគូរឬឆ្លាក់រូបនាងគង្ហីងព្រះធរណីផុសក្រោមបល្ល័ង្ករ័ត្នច្បូតសក់បញ្ចេញទឹក។ តាមចំណេះដឹងពុទ្ធប្រវត្តិបែបអ្នកស្រុក​អាស៊ីអាគ្នេយ៍ នៅ​មុនពេល​ដែលព្រះអង្គត្រាស់ដឹង ទ្រង់គង់​នៅក្រោមដើមពោធិ​ព្រឹក្ស លើស្បូវភ្លាំងដែលសោត្ថិយព្រាហ្មណ៍ថ្វាយ ក្លាយជាបល្ល័ង្ករ័ត្នផុសទ្រព្រះអង្គ។ មារនិងសេនារេហ៍​ពលទាំង​ឡាយ​​ក៏មកផ្ចាញ់ផ្ចាលព្រះអង្គ ថាបល្ល័ង្ករ័ត្ន​ទ្រង់កំពុងគង់លើនោះជា​របស់មារា​ធិរាជ គឺមានរេហ៍ពលមារទាំងឡាយជាសាក្សី។ ព្រះពុទ្ធត្រាស់ថា បល្ល័ង្ក​រ័ត្ននេះកើតឡើងពីការសន្សំបារមីរបស់ព្រះអង្គអនេកជាតិ។ មារបន្ដផ្ចាញ់ផ្ចាលរកអ្នកជាសាក្សី ទើបនាងគង្ហីងព្រះធរណីផុសមក ច្បូតសក់ជាទឹកលិចលង់​ពួកមារនោះទៅ។ នាងគង្ហីងព្រះធរណី ជាតំណាងឱ្យព្រះធរណីជាសាក្សី ចំណែក​ឯទឹក​ដែលនាងច្បូតចេញពីសក់ តំណាងឱ្យទឹកដែលព្រះពុទ្ធអង្គតែងតែច្រូចលើព្រះធរណី​​ក្នុងការសន្សំបារមីជាអនេកជាតិ គឺថាសូម្បីទឹកដែលព្រះអង្គច្រូចកន្លងមក​នោះ ក៏អាចពន្លិចពួក​មារ​ឱ្យអន្ដរធានបានដែរ។ តាមពុទ្ធប្រវត្តិ​ក្នុងគម្ពីរព្រះត្រៃបិដក ពុំមាននាងគង្ហីងព្រះធរណី​នោះទេ គឺព្រះពុទ្ធអង្គចង្អុលផែនដីជាសាក្សី(ភូមិស្បស៌) ផែនដីក៏កក្រើករញ្ជួយ ឯពួកមារក៏រលាយ​បាត់អស់ទៅ​។ នាងគង្ហីង​នេះ ទំនងជាការបន្ថែមបែបអ្នកស្រុកនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះ។

នៅក្នុងសិលាចារឹកខ្លីៗជាច្រើន​នៅប្រាសាទបាយ័ន មានសិលាចារឹកមួយផ្ទាំងចុះលេខ K.293-40 ចារឹកថា «វ្រះភគវតិធរណី» សម្រួលមកថា ព្រះភគវតីធរណី ឬ ព្រះនាងធរណី ឬមានឈ្មោះផ្សេងទៀតជា ភូមិទេវី ឬ ភូមី ជាដើម​ ដែលគេ​ស្គាល់ថាជាទេពរក្សាដីក្នុងសាសនាព្រាហ្មណ៍។ ចំណែកឯនៅក្នុងពុទ្ធសាសនា ពុំមានទេពរក្សាដីទេ។ ហេតុនេះហើយ​ ទើបខ្មែរបង្កើត​ជារូបរាងឡើងជាតំណាង ដែលហៅថា “នាងគង្ហីង”។ នាងគង្ហីង គឺជាដី មិនមែនជា​ទេពរក្សាដីនោះទេ គ្រាន់តែគេធ្វើឡើង​ជារូបតំណាង​ឱ្យមានលក្ខណៈដូច មនុស្ស ដូចយើងឃើញតាមរូបគំនូរ ចម្លាក់ រូបសូនជាដើម។

បើយើងពិនិត្យលើពាក្យសព្ទវិញ ពាក្យ​ “គង្ហីង” ពុំមានកត់ត្រាជាមេពាក្យ​នៅក្នុង​វចនា​នុក្រមខ្មែរឡើយ គឺមានតែក្នុងសេចក្ដីពន្យល់ពាក្យ “ធរណី” ប៉ុណ្ណោះ ទោះបីជាអ្នកស្រុកជាទូទៅស្គាល់ពាក្យនេះក្ដី​។ ខ្មែរយើងរមែងហៅថា “នាងគង្ហីងព្រះធរណី” ហៅខ្លីថា្ល។នយារឹកវង់មូល​នាងគង្ហីងជាដើម។ “នាងគង្ហីង”  ឬក៏ “នាងហ៊ីងព្រះធរណី” ហៅខ្លីថា  “នាងហ៊ីង”។ តើពាក្យនេះវិវត្តមកពីពាក្យអ្វី? មានដើមកំណើតមកពីណា?

តាមរយៈការសិក្សា​សិលាចារឹកភាសាខ្មែរបុរាណ យើង​ដឹង​ថា​ពាក្យ “គង្ហីង” វិវត្ត​ចេញ​មកពីពាក្យបុរាណសម័យមុនអង្គរថា «កន្ហេង៑» ឬ “កញ៑ហេង” ដែលមកដល់សម័យអង្គរ​ ពាក្យនេះវិវត្តមកជា “កន្ហ្យង៑” ឬ “កន្ហ្យាង៑”។ ពាក្យទាំងនេះបង្កើតចេញមកពីពាក្យឫស “ហេង៑” ៣ហ្យង៑” “ហ្យាង៑” ដែលមានន័យថាខ្លាំង ពូកែ​ ខ្ពង់ខ្ពស់ ច្រើនប្រើជា​ឋានន្តរនាម​របស់នារី ឬក្សត្រី​ នៃវណ្ណៈអភិជន​ឬរាជវង្សានុវង្ស។ លោក ម៉ៃឃើល វីឃើរី និង​លោក​ ហ្វីលីព ជេន្នើរ យល់ថាពាក្យនេះមានទំនាក់ទំនងជាមួយ​ពាក្យជ្វាបុរាណថា «ហ្យង៑» (hyaṅ) និងពាក្យចាម្ប “យង៑” (yaṅ) “យាង៑” (yāṅ) ជាពាក្យសម្គាល់អ្វីដែលពិសិដ្ឋត្រូវនឹងពាក្យខ្មែរទំនើប​ថា «ព្រះ»។ យ៉ាងនេះក្ដីយើងក៏អាចមើលឃើញថា​ពាក្យ “កន្ហេង៑” នេះ ក៏អាច​មានពាក្យឫស «ខេង៑» មានន័យថាខែង ខែងរែង ផងដែរ។

ពាក្យ “កន្ហេង៑”​ ឬ “កញ៑ហេង៑” នៅសម័យមុនអង្គរ​ ជាឋានន្តរនាមសម្រាប់សម្គាល់ស្ត្រីក្នុងវណ្ណៈអភិជន មានដូចជាក្សត្រីឬព្រះអង្គម្ចាស់ក្សត្រីជាដើម។ ពាក្យនេះក៏មានប្រើជាសមាសនាមសម្រាប់ឋានន្តរ​នាម​ផង ដូចក្នុងសិលាចារឹកក្រាំងព្រះពុទ្ធ​ K.1413 មានឋានន្តរនាម “កញ៑ហេង៑អញ៑” ដែលជាស្ត្រីវណ្ណៈអភិជន ជាអ្នកទំនុកបម្រុងពិធីបូជានៅប្រាសាទ។ លុះមកដល់សម័យអង្គរ​ ពាក្យនេះប្រើជាពាក្យសមាសក្នុងឋានន្តរនាម “កន្ហ្យង៑​ កំម្រ​​តេង៑​អញ៑” មានន័យថា “ព្រះអង្គ​ម្ចាស់​ក្សត្រី”។ យើងសូមលើកជាឧទាហរណ៍ខ្លះៗចេញពីសិលាចារឹកខ្មែរបុរាណដូចក្នុងសិលាចារឹកនៅខេត្តផ្សារដែក K.9 មានចារឹកឃ្លា​ថា “ស្រេអំនោយ៑​កញ្ហេង៑វ្រះអញ៑លាង៑គុស៑អាយ៑តវ្រះកម្រតាង៑អញ៑ឝ្រីភដារវីរេឝ្វរ…” (K.9:9-10) ដែលអាចសម្រួលថា “ស្រែដង្វាយរបស់កញ្ហេងព្រះអញលាងគុសថ្វាយចំពោះព្រះគម្ដែងអញស្រីភដារវីរេសូរ”។ សិលាចារឹកវត្តព្រះឥន្ទកោសិយ K.263 ចារឹកថា “ខ្ញុំជំន្វន៑​​​​កន៑ហ្យង៑​កម្រតេង៑អញ៑ឥន្ទ្រលក្ឞ្មី” (K.263D:39) ដែលអាចសម្រួលបានថា “ខ្ញុំ(បម្រើជា)ជំនូនរបស់កន្ហេងគម្ដែងអញ​ឥន្ទ្រលក្ឞ្មី”។ សរុបមក យើងឃើញថាពាក្យនេះ ប្រើ​សម្រាប់​តែមនុស្សស្រីតែប៉ុណ្ណោះ​ កាលពីសម័យបុរាណ។

ពាក្យ «កន្ហេង៑» ឬ “កន្ហ្យង៑” នេះបានវិវត្តជាពាក្យ “គង្ហីង” និង “កំហែង” ក្នុងភាសា​ខ្មែរទំនើប។ នឹងយល់ពីការវិវត្តនោះ ត្រូវចាប់អារម្មណ៍ថា ” ្យ ” ពីសម័យបុរាណ​សម្រាប់ការកត់ត្រា​ពាក្យខ្មែរ មានបម្រែបម្រួលច្រើន គឺអាចទៅជាស្រៈ ” េ “​ ផង ស្រៈ ” ៀ “ផង និង​ស្រៈ ” ី ” ផង​ ។ល។ ដូចជាសំណេរពាក្យ “វ្រ្យង” ពីបុរាណ ​ក្លាយមកជាពាក្យទំនើបថា “ព្រីង”។ នាពេល​បច្ចុប្បន្ន ពាក្យ “គង្ហីង” មានអត្ថិភាពប្រើតែក្នុងពាក្យឬប្រើកាត់ពីពាក្យ “នាងគង្ហីងព្រះធរណី” គឺនៅ​រក្សា​លក្ខណៈដើមដែលប្រើជាមួយ​មនុស្សស្រី។ ចំណែកឯពាក្យ “កំហែង” វិញ គឺសម្គាល់​នូវលក្ខណៈខែងរែង កម្លាំងខ្លាំង ដែលក្លៀវក្លា អង់អាច… ប្រើជាឋានន្តរនាមផងដូចជា កំហែងហនុមាន (អ្នកសហគមន៍ស្វាយអណ្ដែតហៅ អ្នកតាកំហែង) និងប្រើជាឈ្មោះទូកងផងដូចជា កំហែងរាមា កំហែងនាគរាជ កំហែងមហាហង្សសែនជ័យ ជាដើម។ ពាក្យនេះ​បានក្លាយពីការប្រើជាមួយស្រី មកប្រើជាមួយប្រុសផងដែរ ប៉ុន្តែពុំមែនជាប្រការចម្លែកនោះទេ ដ្បិតយើងឃើញមានពាក្យដទៃ ដែលដើមឡើយប្រើជាមួយមនុស្សស្រី ប៉ុន្ដែក្រោយមក​ក៏ប្រើសម្គាល់ឋានៈឬតួនាទីជាធំរបស់មនុស្សប្រុសដែរ ដូចពាក្យ «មេ» ជាដើម។

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!