ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទចិនស្រម ឬជាន់ស្រាំ​ ឬប្រាសាទព្រៃវែង​

ប្រាសាទចិនស្រម ឬជាន់ស្រាំ​ ឬប្រាសាទព្រៃវែង​

ប្រាសាទ​ចិនស្រម ស្ថិត​នៅដែនជម្រក​សត្វ​ព្រៃ​គូលែន​-ព្រហ្មទេព​ ​ភូមិ​ព្រៃ​វែង​ ឃុំ​ស្រយង់​ ស្រុក​គូលែន​ ខេត្ត​ព្រះវិហារ​ មាន​ចំនុច​និយាមការ​ X-451163 Y-1539763។ យើងអាច​ធ្វើ​ដំណើរ​តាមទីរួមស្រុក​គូលែនកាត់​តាម​ភូមិ​ព្យួរជ្រូក​ ឆ្ពោះ​ទៅកាន់​ភូមិ​ព្រៃ​វែង​ចម្ងាយ​ប្រមាណ ២៣​គីឡូ​ម៉ែត្រ។ ម្យ៉ាង​ទៀត​​យើង​អាច​ធ្វើ​ដំណើរតាម​ប្រាសាទ​កោះ​កេរ ទៅ​ទិសខាង​ជើង ឆ្លង​កាត់​ស្ទឹង​សែន​ និងឆ្លងកាត់​ភូមិ​សម្បូរ​ ឆ្ពោះ​ទៅ​កាន់​ភូមិ​ព្រៃ​វែង​ប្រមាណ​១៨​គីឡូ​ម៉ែត្រ​​ ដោយផ្លូវទៅកាន់​តំបន់​នោះ​មានការលំបាកខ្លាំងនៅ​រដូវ​វស្សា។​

ប្រាសាទចិនស្រម អ្នកស្រុកក្នុងតំបន់ច្រើន​ហៅ​ថា ​ប្រាសាទ​ព្រៃ​វែង ​ឬប្រាសាទ​ជាន់​ស្រាំ។ ប្រាសាទនេះកសាងអំពីឥដ្ឋ មាន​តួ៥​បែរទៅទិសខាងកើត សង់លើឃឿនថ្មបាយក្រៀម​មាន​៣ថ្នាក់ នៅជុំវិញបរិវេណប្រាសាទមាន​ហោ​ត្រៃចំនួន២សាង​​អំពី​ឥដ្ឋ មានសំណង់​ជា​បន្ទប់​រាង​ចតុកោណ​កែង​ចំ​នួន​៨សាង​អំពី​ថ្ម​ភក់ និងថ្មបាយក្រៀម​​ មានគោបុរៈ ចំនួន២នៅទិសខាង​កើត​ និង​ខាង​លិចនៃប្រាសាទ មានកំផែងថ្មបាយក្រៀមព័ទ្ធជុំវិញ មាន​ស្រះ​ទឹក និង​បារាយណ៍នៅ​ទិស​ខាង​កើត​។ ផ្អែកតាមរចនាសម្ព័ន្ធរបស់ប្រាសាទ និងភស្តុតាង​ជា​ច្រើន​ដែល​លនៅ​សល់​ក្នុង​តំបន់​នេះ យើងអាចដឹងថាប្រាសាទនេះសាងនៅសតវត្សទី១០ នៃគ.ស និងបានជួសជុលកែលំអឡើងវិញនៅសតវត្សទី១១ នៃគ.ស ដើម្បីឧទ្ទិសចំពោះ​​​ព្រហ្ម​ញ្ញសាសនា​​​។  

តួប៉មកណ្តាល​សាងអំពីឥដ្ឋ ​លើឃឿន​ជាន់​ទី​៣​ ឃឿននេះ​រៀបជាថ្មភក់ មានឆ្លាក់ក្បាច់លម្អច្រើន និងមានលក្ខណៈផ្ចិតផ្ចង់​។​ តួប៉មនេះ កសាងឡើងវិញនៅស.វទី១១ កំឡុងឆ្នាំ១០១៨ នៃគ.ស និងមានសិលាចារឹកលើ​មេទ្វារខាងជើងនៃតួប៉មកណ្តាល K.1360 ចារជាភាសាខ្មែរចំនួន៧បន្ទាត់ ដែលមានសភាពរលុបពិបាកក្នុងការអាន តាមរយៈកាលបរិច្ឆេទ ខាងលើយើងអាចដឹងថា ប្រាសាទនេះស្ថិតនៅក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ ការស្និដ្ឋាន​នេះ​គឺ​យោងតាម​សិលា​ចារិក​ដែល​ចារ​នៅ​លើ​មេទ្វារ​នេះ​។ បើតាមសិលា​ចារឹក​មួយ​ដែល​ចារ​លើ​មេទ្វារ​មួយ ​នៃ​ប្រាសាទ​ភ្នំ​សណ្តក​ក៏​បាន​និយាយ​អំពី​រាជ្យ​គ្រូ​របស់​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​១​ ដែល​ព្រះ​អង្គ​បាន​បញ្ជា​ឱ្យមក​ជួស​ជុល​ប្រាសាទ​ និង​ចារ​សិលាចា​រឹក​នៅទីនោះ​ផង​ដែរ។​

ភ្នំ​សណ្តក​មាន​ចំងាយ​ប្រមាណ​៦​គីឡូ​ម៉ែត្រ​ពី​ប្រាសាទ​ចិន​ស្រម​នេះ​។​​ នៅជុំវិញតួប៉មកណ្តាលមានតួប៉មតូចៗចំនួន៤សង់នៅលើជ្រុងឃឿននីមួយៗនៃជាន់ទី២ ដោយ សង់អំពីឥដ្ឋបែរមុខទៅកើត​មាន​សភាព​បាក់បែក។ ប្រាសាទតូចៗទាំងនេះ បើពិនិត្យ លើរចនាសម្ព័ន្ធ និងក្បាច់លម្អនៅលើផ្តែរប្រាសាទ គឺទំនងសាងនៅស​.វទី១០នៃគ.ស ក្នុងរចនាបថកោះកេរ។​   ឃឿន​ជាន់ទី១ និងទី២ សាងអំពីថ្មបាយក្រៀម។ ផ្នែកខាងក្រោមនៃ​ទិស​ខាងកើត​​មាន​ហោត្រៃចំនួន២ សាងអំពីឥដ្ឋបែរមុខមកទិសខាងលិច បានបាក់រលំស្ទើរទាំងស្រុង។ ក្នុងនោះឃើញមានសំណង់រាងចតុកោណកែងមានលក្ខណៈដូចជា បន្ទប់សម្រាប់ស្នាក់នៅ ឬជាឃ្លាំង និងមានរន្ធសម្រាប់ខ្យល់ចេញចូល បច្ចុប្បន្នសំណង់នេះ បានបាក់រលំស្ទើរទាំងស្រុង ដោយបន្សល់​គំនរ​ថ្ម​បាយ​ក្រៀមជាជញ្ជាំង​ និងសសរធ្វើពីថ្មភក់។

គោបុរៈខាងកើត និងខាងលិច​កសាងឡើងវិញថ្មភក់ស.វទី១១ ដំណាលគ្នានឹងតួកណ្តាល ដោយមានយកផ្តែរ​ស.​វទី១០​គ.ស​មកប្រើប្រាស់ឡើងវិញ មាន​កំផែង​ថ្មបាយក្រៀម​ព័ទ្ធ​ជុំ​វិញ​។ ផ្តែរ​ខាង​កើត​នៃ​គោបុរៈ​កើត​ ជា​ផ្តែរ​ដែល​ស្ថិតក្នុង​រចនា​បទ​ឃ្លាំង ដែល​អាច​កសាង​ក្នុង​រាជ​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​១​ ចំណែក​ខាង​លិច​នៃ​គោបុរៈ​ខាង​កើត​ ជា​ផ្តែរ​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​រចនា​បទកោះ​កេរ ដែល​សាង​ក្នុង​ស.វ​ទី​១០​គ.ស​ នេះ​មាន​ន័យ​ថា​ផ្តែរ​នេះ​អាច​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ឡើង​វិញ​​។ នៅភាគខាងកើត នៃគោបុរៈខាងកើត​ មាន​​​ស្រះទឹកចំនួន​២ ​និងស្រះទឹកចំនួន​២ទៀតនៅភាគខាងលិច នៃ​គោបុរៈ​ខាងលិច​​​ ស្រះទឹកទាំង៤នេះ ជញ្ញាំងសង់ពីថ្មបាយក្រៀមព័ទ្ធជុំវិញកំពស់ប្រមាណ២ម៉ែត្រ ដែលកម្រជួប​ប្រទះ។

ប្រមាណ​១០០​ម៉ែត្រខាងកើតគោបុរៈខាងកើត ​ មានគ្រឹះថ្មបាយក្រៀមរៀងកាកបាទ​យើង​ពុំ​ឃើញ​មានសំណង់​ថ្ម​នៅ​ខាង​លើ​នោះ​ទេ​។​ ប្រមាណ៤០០ម៉ែត្រនៅខាងកើតប្រាសាទមានបារាយណ៍មួយដែលមានបណ្តោយប្រមាណ១២០០ម៉ែត្រ និងទទឹងប្រមាណ៧០០​ម៉ែត្រ ដែលលាតសន្ធឹងពីជើងទៅត្បូង ដែលអ្នកស្រុកហៅថាទំនប់ក្រោម បារាយណ៍នេះមានរៀប​ថ្មបាយ ក្រៀមព័ទ្ធជុំវិញ។ នៅខាងលិចប្រាសាទប្រមាណ៤០០ម៉ែត្រ ក៏មានស្នាកស្នាមទំនប់មួយទៀតដែលអ្នកស្រុកហៅថាទំនប់លើ មានបណ្តោយប្រមាណ៦០០ម៉ែត្រ និងទទឹង៣០០ម៉ែត្រ។ នៅផ្នែកខាងជើងនៃប្រាសាទ មានស្នាកស្នាមផ្លូវប្រមាណ២០០០ម៉ែត្រដែលនៅខាងជើងឈៀងខាងលិច(រូបទី​១០)។

តាម​ការ​ពិនិត្យ​តំបន់​នេះ​ជា​ទីតាំង​សំខាន់​មួយ​ក្នុង​សម័យ​កោះ​កែរ(លិង្គបុរៈ​) តើ​ប្រាសាទ​ចិនស្រម​អាច​​ជា​ប្រាសាទ​សម្រាប់​រាជ្យ​?​ រាជ្យធានី​កោះកែរ​មានមាន​ព្រះ​មហាក្សត្រ​២​អង្គគ្រង​រាជ​គឺ​​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤​ (​៩២៨-៩៤១គ.ស​) និង​​បុត្រ​ព្រះអង្គ​ព្រះ​នាម​ហស៌វរ្ម័នទី២(៩៤២-៩៤៤គ.ស) ​សោយរាជ្យបាន៣ឆ្នាំ​ក៏សោយទីវង្គត់ មាន​មរណៈ​នាម​ ថា​ ព្រហ្ម​លោក​​។ ក្រោយ​មក​ដល់​រាជ្យ​ព្រះ​បាទ​រាជេន្ទ្រវរ្ម័នទី២​ (ឆ្នាំ​៩៤៤-៩៦៨គ.ស​) បាន​យាង​ត្រលប់​ទៅ​ យសោធរបុរៈ​វិញ ​(ក្រុង​អង្គរ) ដែល​បាន​សាង​​ប្រាសាទ​ប្រែរូប​។​ ប្រាសាទ​កោះ​កែរ មាន​ចម្ងាយ​៦​គ.ម​ និង​ប្រាសាទ​ចិនស្រមមាន​ចម្ងាយ​៧​គ.ម​​ ស្ថិត​នៅ​សងខាង​ផ្លូវ​បុរាណពី​អង្គរ​មក​ខាង​ខេត្តព្រះ​វិហារ​។

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!