ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទស្លាប់ប្តី

ប្រាសាទស្លាប់ប្តី

ប្រាសាទស្លាប់ប្តី មានទីតាំងស្ថិតនៅភូមិក្រវិល ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ភាគឦសានផ្លូវជាតិលេខ ៦ និងចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ ខាងលិចប្រាសាទត្រពាំងរុន។ ប្រាសាទនេះ ស្ថិតនៅតាមបណ្តោយផ្លូវបុរាណដែលចេញពីតំបន់អង្គរ ឆ្ពោះទៅកាន់កំពង់ក្តី ឬផ្លូវបុរាណឆ្ពោះទៅតំបន់ប្រាសាទបាកាណ ឬផ្លូវឆ្ពោះទៅកាន់តំបន់ខាងត្បូង​ប្រទេស ដូចប្រាសាទបាក់រូងដែលយើងបានចេញផ្សាយសប្តាហ៍មុនដែរ។ តើប្រាសាទនេះ​មានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?

នៅចុងស.វ.ទី១៩ ដើមស.វ.ទី២០ លោក Etienne Aymonier បានចុះបញ្ជីប្រាសាទស្លាប់ប្តីសៀវភៅបញ្ជីបេតិកភណ្ឌរបស់លោក ក្នុងឆ្នាំ១៩០០ នៅទំព័រទី៤៥៥ ហើយពីរឆ្នាំក្រោយមក លោក Lunet De Lajonquière បានសិក្សាបន្ថែម និងចុះបញ្ជីប្រាសាទស្លាប់ប្តីនៅលេខរៀង IK.២១១ នៅក្នុងសៀវភៅបញ្ជីបេតិកភណ្ឌ វគ្គទី១ របស់លោក។ ឈ្មោះថា “ប្រាសាទស្លាប់ប្តី” គឺទំនងកើតឡើងដោយសារអ្នកស្រុកប្រទះឃើញផ្តែរទ្វារមួយ ដែលមានចម្លាក់ព្រះវិស្ណុផ្ទុំរង់ចាំបង្កើតលោកថ្មី ហើយជាទូទៅនៅខាងចុងជើងមានមហេសីរបស់ទ្រង់ ពោល គឺព្រះនាងលក្ស្មី។ ម្ល៉ោះហើយ ទំនងអ្នកស្រុកយល់ថា តួអង្គប្រុសដែលជាវិស្ណុ កំពុងស្លាប់ចោលប្រពន្ធដែលជាតួអង្គស្រី។ ឈ្មោះដែលកើតចេញដោយសារការប្រទះឃើញចម្លាក់ព្រះវិស្ណុផ្ទុំរបៀបនេះ យើងធ្លាប់ឃើញនៅច្រើនកន្លែងណាស់ ឧទាហរណ៍ នៅកំពង់ឆ្នាំង គេហៅប្រាសាទ “ថ្នមប្តី” (មកពីអ្នកស្រុកយល់ថា តួអង្គប្រពន្ធនៅចុងជើងប្តីកំពុងនៅលួងលោម ឬថ្នមប្តី) ហើយនៅតំបន់សំបូរព្រៃគុក គេហៅថា “ប្រាសាទស្រីគ្រប់ល័ក្ខណ” (មកពីអ្នកស្រុកយល់ថា ប្រពន្ធដែលនៅចុងជើងប្តីរបៀបនេះ គឺជាស្រីគ្រប់ល័ក្ខណ)។ សព្វថ្ងៃ ផ្តែរទ្វារមានចម្លាក់ព្រះវិស្ណុផ្ទុំបង្កើតលោកនៅប្រាសាទស្លាប់ប្តី ពុំបាននៅសល់ក្នុងបរិវេណប្រាសាទទៀតឡើយ ហើយយើងមិនដឹងថាគេយកទៅទីណាដែរ តែយើងអាចដឹងព័ត៌មានថាមានផ្តែរទ្វារព្រះវិស្ណុផ្ទុំរង់ចាំបង្កើតលោកថ្មី តាមរយៈការពណ៌នានៅក្នុងសៀវភៅរបស់លោក Lunet De Lajonquière។ ដោយឡែក សព្វថ្ងៃគេមិនទម្លាប់ហៅប្រាសាទនេះថា “ស្លាប់ប្តី” ដូចមុនទៀតឡើយ តែគេច្រើនហៅថា “ប្រាសាទថ្នល់ដាច់” ឬ “ប្រាសាទក្រវិល” ឬ “ប្រាសាទអន្លង់ក្រវិល”។

ប្រាសាទស្លាប់ប្តី កសាងឡើងអំពីឥដ្ឋ សង់នៅលើគ្រឹះថ្មបាយក្រៀម មានប្រាង្គចំនួន ៣ រត់ត្រង់ជួរតាមអ័ក្សពីជើងទៅត្បូង បែរមុខទៅទិសខាងកើត មានកំពែងធ្វើអំពីឥដ្ឋនិងកសិន្ធុហ៊ុមព័ទ្ធជុំវិញ ហើយនៅចំពីមុខខាងកើតរបស់ប្រាសាទមានត្រពាំងធំមួយប្រវែងបណ្តោយ ៣០០ ម៉ែត្រ និងទទឺង ២៥០ ម៉ែត្រ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ប្រាង្គកណ្តាលមានយ៉លយទៅមុខខាងកើត និងមានសំណង់ធ្វើអំពីឥដ្ឋ (ថែវ) ភ្ជាប់គ្នាពីប្រាង្គកណ្តាលទៅកាន់ប្រាង្គខាងជើង និងខាងត្បូង ដោយសំណង់ថែវនោះ គេលម្អទៅដោយបង្អួចដែលមានចម្រឹងធ្វើអំពីឥដ្ឋថែមទៀតផង។ នេះជាលក្ខណៈពិសេសមួយដែលឃើញច្រើនឃើញមាននៅស.វ.ទី១០ ក្នុងរជ្ជកាលព្រះបាទស្រីរាជេន្រ្ទវរ្ម័ន ឬព្រះបាទស្រីជ័យវរ្ម័នទី៥។ សព្វថ្ងៃ ប្រាង្គទាំងបីមានស្ថានភាពនៅល្អច្រើន ដែលប្រាង្គទាំងអស់មានទ្វារចូលនៅទិសខាងកើត និងទិសបីផ្សេងទៀតសិល្បករលម្អជាទ្វារ​បញ្ឆោត។ យើងសង្កេតឃើញថា ក្បាច់ហោជាងរបស់ប្រាសាទស្លាប់ប្តី គេឆ្លាក់ពុំទាន់រួចរាល់ទេ ហើយមានលក្ខណៈស្ទើរដូចគ្នាបេះបិទទៅនឹងហោជាងប្រាសាទបាក់រូង ដែលស្ថិតនៅមិនឆ្ងាយពីគ្នា។ លើសពីនេះទៅទៀត ប្រាង្គចំនួន ២ (កណ្តាល និងខាងត្បូង) នៅសល់ផ្តែរទ្វារនៅជាប់នឹងប្រាសាទ តែប្រាង្គខាងជើងជ្រុះផ្តែរទ្វារចេញពីប្រាសាទបាត់ទៅហើយ។ ផ្តែរទ្វារនៅប្រាង្គកណ្តាល មានក្បាច់លម្អជាទម្រង់ផ្តែរទ្វាររចនាបថប្រែរូប នៅស.វ.ទី១០ ដែលដូចទៅនឹងផ្តែរទ្វារនៅប្រាសាទប្រែរូប និងប្រាសាទមេបុណ្យខាងកើត ក្នុងតំបន់អង្គរ។ ផ្នែកខាងលើរបស់ផ្តែរ លម្អជាក្បាច់សន្លឹកឈើតូចៗ ក្បាច់បន្ទាត់ធ្នូមានរាងមូលដូចមែកឈើ  ចុងសងខាងមានលម្អ​ដោយក្បាច់ខ្យងហៀនគួចវង់ចូលក្នុង។ រីឯនៅខាងក្រោម គឺជាចង្វាយក្បាច់វង់ចូលក្នុងដូចក្បាច់វង់ហៀន និងនៅផ្នែកកណ្តាលរបកថ្មបាត់ទៅហើយ តែតាមឯកសាររបស់លោក Lunet De Lajonquière បង្ហាញថាជា ចម្លាក់ព្រះឥន្រ្ទគង់នៅលើដំរីព្ធវ៌ត។ ផ្តែរទ្វារនៅប្រាង្គខាងត្បូង មានទម្រង់ដូចគ្នា តែកណ្តាលឆ្លាក់ជារូបទេពកាន់ដំបងអង្គុយក្នុងទម្រង់មហារាជលីលាសន ដែលទំនងជាព្រះយម (យោងទៅលើកាយវិការ និងទិសខាងត្បូង) ហើយនៅខាងក្រោមមានលម្អជារូបព្រះកាល ឬរាហូ (រូបលេខ៧)។  ចំពោះ ផ្តែរទ្វារប្រាង្គខាងជើង បានបាត់ចេញពីទីតាំងដើមជាយូរមកហើយ រីឯផ្តែរទ្វារដែលយើងឃើញគេដាក់ពីមុខច្រកចូលនោះ គឺជាផ្តែរទ្វារសំណង់កំពែងទេ។ ផ្តែរទ្វារប្រាង្គខាងជើង មានលក្ខណៈពិសេសជាងផ្តែរប្រាង្គកណ្តាល និងប្រាង្គខាងត្បូង ហើយយើងអាចស្គាល់បានតាមរយៈគំនូរដែលគូរដោយលោក Lunet De Lajonquière ដែលបង្ហាញអំពីតួអង្គទេវកថាសំខាន់ចំនួន ២ អង្គនៅចំកណ្តាលកំពុងឈរប្រឈមមុខដាក់គ្នា (ទេពមួយអង្គខាងជើងមានព្រះហស្ត ៤) អមដោយអ្នកហែរហមនៅសងខាងសរុបចំនួន ១០ នាក់ (អ្នកខ្លះកាន់សែនត្វាន់ និងខ្លះទៀតកំពុងលើកកំបង់អញ្ជលីប្រណម្យដល់ទេពទាំងពីរនៅចំកណ្តាល ហើយនៅចុងខាងជើងមានចម្លាក់សត្វគ្រុឌ និងចុងខាងត្បូងមានចម្លាក់សត្វគោនន្ទិ។ ដូច្នេះ បើយោងទៅតាមចម្លាក់សត្វគ្រុឌ និងគោនន្ទិ យើងអាចសន្និដ្ឋានថា រូបទេពនៅចំពាក់កណ្តាល អាចជាព្រះវិស្ណុមានព្រះហស្ត ៤ នៅខាងជើង និងព្រះឥសូរមានព្រះហស្ត ២ នៅខាងត្បូង។ គ្រប់សសរពេជ្រនៅប្រាង្គសំខាន់ៗទាំងបី និងនៅអគារផ្សេងៗទៀត សុទ្ធសឹងលម្អជារាងប្រាំបីជ្រុង ដែលមានលក្ខណៈជាសសរពេជ្ររចនាបថប្រែរូប ដោយជ្រុងនីមួយៗលម្អដោយស្លឹកឈើមួយសន្លឹក អមដោយសន្លឹកឈើពាក់កណ្តាល និងសងខាងវ័ណ្ឌនៃសសរពេជ្ររីកទំហំធំនិងញឹកដែលមើលទៅដូចថ្នាំងដើមអំពៅ។

ក្រៅអំពីប្រាង្គសំខាន់ទាំងបី យើងឃើញមានហោត្រៃ (អគ្និគ្រឹះ) មួយនៅទិសអាគ្នេយ៍ សាងអំពីឥដ្ឋ​ មានរាងបួនជ្រុងទ្រវែង បែរមុខបញ្ច្រាសទៅរកប្រាង្គសំខាន់ៗទាំងបី (បែរទៅទិសខាងលិច) ហើយនៅខាងត្បូងគេរៀបចំជាបង្អួច (មានចម្រឹង) មួយថែមទៀតផង។ អគារហោត្រៃ ឬហៅថា “អគ្និគ្រឹះ” (អគារបូជាភ្លើង) នេះ ក៏មាននៅសល់ផ្តែរទ្វារមួយជាសិល្បៈរចនាបថប្រែរូប ដែលក្បាច់លម្អជាទូទៅដូចផ្តែរទ្វារនៅប្រាង្គកណ្តាល និងមានរូបព្រះឥន្រ្ទគង់នៅលើដំរីព្ធវ៌តនៅចំកណ្តាល។ ជាងនេះទៅទៀត ទំនងមានអគារចំនួន ២ ទៀត សង់នៅកៀកជាមួយកំពែង បែរមុខចូលក្នុងដូចគ្នា ដែលមួយនៅទិសអាគ្នេយ៍ និងមួយទៀតនៅទិសឦសានប្រាង្គសំខាន់ៗទាំង ៣។ ប៉ុន្តែសព្វថ្ងៃ យើងអាចមើលឃើញតែស៊ុមទ្វារប៉ុណ្ណោះ ហើយគេក៏មិនច្បាស់ថាជាសំណង់អ្វីឱ្យប្រាកដនោះដែរ ហើយអគារទាំងពីរនេះមានលម្អផ្តែរទ្វារថែមទៀតផងដែលសំណង់នៅទិសអាគ្នេយ៍ជាចម្លាក់ព្រះវិស្ណុផ្ទុំរង់ចាំបង្កើតលោកថ្មី។ ដោយឡែក សម្រាប់កំពែងរបស់ប្រាសាទស្លាប់ប្តី គឺសាងឡើងអំពីឥដ្ឋ រាងដូចថែវ  ដោយមានប្រវែងបណ្តោយ ៣០ ម៉ែត្រ និងទទឹង ២៥ ម៉ែត្រ ហើយអ្វីដែលចម្លែកនោះ កំពែងប្រាសាទនេះមានទ្វារចូលនៅខាងកើត និងខាងលិច អមទៅដោយទ្វារបញ្ឆោតយ៉ាងច្រើន (ខាងកើតនិងខាងលិច មានទ្វារបញ្ឆោត ២ និងខាងត្បូង-ជើង មានទ្វារបញ្ឆោត ៤ ដែលគ្រប់ទ្វារបញ្ឆោតទាំងអស់សាងឡើងពីថ្មភក់)។ កំពែងនេះ គេលម្អទៅដោយបង្អួចបញ្ឆោតរាងបួនជ្រុងស្មើ ដែលបង្អួចនេះលម្អដោយចម្រឹងធ្វើអំពីឥដ្ឋយ៉ាងប្រណិត។

សរុបជារួមមក ប្រាសាទស្លាប់ប្តី ឬប្រាសាទថ្នល់ដាច់ គឺជាស្ថាបត្យកម្មប្រាសាទឥដ្ឋដ៏សំខាន់ដែលទំនងឧទ្ទិសដល់ព្រហ្មញ្ញសាសនា ប្រសិនបើយោងទៅលើចម្លាក់ទេពមួយចំនួនដែលបានបង្ហាញនៅលើផ្តែរទ្វារ។ ដោយសារប្រាសាទនេះ មិនមានបន្សល់នូវភស្តុតាងផ្នែកសិលាចារឹក យើងពុំដឹងច្បាស់ថា នៅប្រាង្គសំខាន់ៗទាំងបីគេតម្កល់អាទិទេពណាមួយនោះទេ។ ប៉ុន្តែ ជារឿយៗសំណង់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា មានប្រាង្គបីរត់ត្រង់ជួរពីអ័ក្សជើងទៅត្បូងបែបនេះ ច្រើនតែប្រាង្គកណ្តាលតម្កល់ព្រះសិរ និងប្រាង្គសងខាងតម្កល់ព្រះវិស្ណុ និងព្រះព្រហ្ម ដូចករណីប្រាសាទភ្នំបូក ប្រាសាទភ្នំក្រោម (ខេត្តសៀមរាប) និងប្រាសាទដើមចាន់ (សំបូរព្រៃគុក)។ តាមរយៈក្បាច់លម្អនៅលើផ្តែរទ្វារ សសរពេជ្រ និងប្លង់ជាទូទៅរបស់ប្រាសាទ យើងអាចសន្និដ្ឋានបានថា ប្រាសាទនេះទំនងសាងសង់ឡើងនៅចុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន ស.វ.ទី១០ (គ.ស.៩៤៤ ដល់ ៩៦៧) ក្នុងសិល្បៈរចនាបថប្រែរូប។ ជាការគួរឱ្យសោកស្តាយយ៉ាងខ្លាំង ដែលផ្តែរទ្វារមួយចំនួនដែលមានចម្លាក់ស្រស់ស្អាត បាត់ចេញពីទីតាំងដើម ហើយសព្វថ្ងៃយើងក៏មិនដឹងថាផ្តែរទ្វារទាំងនោះកំពុងនៅទីណាឱ្យច្បាស់នោះដែរ។

ប្រាសាទស្លាប់ប្តី

ប្រាសាទស្លាប់ប្តី មានទីតាំងស្ថិតនៅភូមិក្រវិល ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ភាគឦសានផ្លូវជាតិលេខ ៦ និងចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ ខាងលិចប្រាសាទត្រពាំងរុន។ ប្រាសាទនេះ ស្ថិតនៅតាមបណ្តោយផ្លូវបុរាណដែលចេញពីតំបន់អង្គរ ឆ្ពោះទៅកាន់កំពង់ក្តី ឬផ្លូវបុរាណឆ្ពោះទៅតំបន់ប្រាសាទបាកាណ ឬផ្លូវឆ្ពោះទៅកាន់តំបន់ខាងត្បូង​ប្រទេស ដូចប្រាសាទបាក់រូងដែលយើងបានចេញផ្សាយសប្តាហ៍មុនដែរ។ តើប្រាសាទនេះ​មានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?

នៅចុងស.វ.ទី១៩ ដើមស.វ.ទី២០ លោក Etienne Aymonier បានចុះបញ្ជីប្រាសាទស្លាប់ប្តីសៀវភៅបញ្ជីបេតិកភណ្ឌរបស់លោក ក្នុងឆ្នាំ១៩០០ នៅទំព័រទី៤៥៥ ហើយពីរឆ្នាំក្រោយមក លោក Lunet De Lajonquière បានសិក្សាបន្ថែម និងចុះបញ្ជីប្រាសាទស្លាប់ប្តីនៅលេខរៀង IK.២១១ នៅក្នុងសៀវភៅបញ្ជីបេតិកភណ្ឌ វគ្គទី១ របស់លោក។ ឈ្មោះថា “ប្រាសាទស្លាប់ប្តី” គឺទំនងកើតឡើងដោយសារអ្នកស្រុកប្រទះឃើញផ្តែរទ្វារមួយ ដែលមានចម្លាក់ព្រះវិស្ណុផ្ទុំរង់ចាំបង្កើតលោកថ្មី ហើយជាទូទៅនៅខាងចុងជើងមានមហេសីរបស់ទ្រង់ ពោល គឺព្រះនាងលក្ស្មី។ ម្ល៉ោះហើយ ទំនងអ្នកស្រុកយល់ថា តួអង្គប្រុសដែលជាវិស្ណុ កំពុងស្លាប់ចោលប្រពន្ធដែលជាតួអង្គស្រី។ ឈ្មោះដែលកើតចេញដោយសារការប្រទះឃើញចម្លាក់ព្រះវិស្ណុផ្ទុំរបៀបនេះ យើងធ្លាប់ឃើញនៅច្រើនកន្លែងណាស់ ឧទាហរណ៍ នៅកំពង់ឆ្នាំង គេហៅប្រាសាទ “ថ្នមប្តី” (មកពីអ្នកស្រុកយល់ថា តួអង្គប្រពន្ធនៅចុងជើងប្តីកំពុងនៅលួងលោម ឬថ្នមប្តី) ហើយនៅតំបន់សំបូរព្រៃគុក គេហៅថា “ប្រាសាទស្រីគ្រប់ល័ក្ខណ” (មកពីអ្នកស្រុកយល់ថា ប្រពន្ធដែលនៅចុងជើងប្តីរបៀបនេះ គឺជាស្រីគ្រប់ល័ក្ខណ)។ សព្វថ្ងៃ ផ្តែរទ្វារមានចម្លាក់ព្រះវិស្ណុផ្ទុំបង្កើតលោកនៅប្រាសាទស្លាប់ប្តី ពុំបាននៅសល់ក្នុងបរិវេណប្រាសាទទៀតឡើយ ហើយយើងមិនដឹងថាគេយកទៅទីណាដែរ តែយើងអាចដឹងព័ត៌មានថាមានផ្តែរទ្វារព្រះវិស្ណុផ្ទុំរង់ចាំបង្កើតលោកថ្មី តាមរយៈការពណ៌នានៅក្នុងសៀវភៅរបស់លោក Lunet De Lajonquière។ ដោយឡែក សព្វថ្ងៃគេមិនទម្លាប់ហៅប្រាសាទនេះថា “ស្លាប់ប្តី” ដូចមុនទៀតឡើយ តែគេច្រើនហៅថា “ប្រាសាទថ្នល់ដាច់” ឬ “ប្រាសាទក្រវិល” ឬ “ប្រាសាទអន្លង់ក្រវិល”។

ប្រាសាទស្លាប់ប្តី កសាងឡើងអំពីឥដ្ឋ សង់នៅលើគ្រឹះថ្មបាយក្រៀម មានប្រាង្គចំនួន ៣ រត់ត្រង់ជួរតាមអ័ក្សពីជើងទៅត្បូង បែរមុខទៅទិសខាងកើត មានកំពែងធ្វើអំពីឥដ្ឋនិងកសិន្ធុហ៊ុមព័ទ្ធជុំវិញ ហើយនៅចំពីមុខខាងកើតរបស់ប្រាសាទមានត្រពាំងធំមួយប្រវែងបណ្តោយ ៣០០ ម៉ែត្រ និងទទឺង ២៥០ ម៉ែត្រ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ប្រាង្គកណ្តាលមានយ៉លយទៅមុខខាងកើត និងមានសំណង់ធ្វើអំពីឥដ្ឋ (ថែវ) ភ្ជាប់គ្នាពីប្រាង្គកណ្តាលទៅកាន់ប្រាង្គខាងជើង និងខាងត្បូង ដោយសំណង់ថែវនោះ គេលម្អទៅដោយបង្អួចដែលមានចម្រឹងធ្វើអំពីឥដ្ឋថែមទៀតផង។ នេះជាលក្ខណៈពិសេសមួយដែលឃើញច្រើនឃើញមាននៅស.វ.ទី១០ ក្នុងរជ្ជកាលព្រះបាទស្រីរាជេន្រ្ទវរ្ម័ន ឬព្រះបាទស្រីជ័យវរ្ម័នទី៥ (រូបលេខ១-៥)។ សព្វថ្ងៃ ប្រាង្គទាំងបីមានស្ថានភាពនៅល្អច្រើន ដែលប្រាង្គទាំងអស់មានទ្វារចូលនៅទិសខាងកើត និងទិសបីផ្សេងទៀតសិល្បករលម្អជាទ្វារ​បញ្ឆោត។ យើងសង្កេតឃើញថា ក្បាច់ហោជាងរបស់ប្រាសាទស្លាប់ប្តី គេឆ្លាក់ពុំទាន់រួចរាល់ទេ ហើយមានលក្ខណៈស្ទើរដូចគ្នាបេះបិទទៅនឹងហោជាងប្រាសាទបាក់រូង ដែលស្ថិតនៅមិនឆ្ងាយពីគ្នា។ លើសពីនេះទៅទៀត ប្រាង្គចំនួន ២ (កណ្តាល និងខាងត្បូង) នៅសល់ផ្តែរទ្វារនៅជាប់នឹងប្រាសាទ តែប្រាង្គខាងជើងជ្រុះផ្តែរទ្វារចេញពីប្រាសាទបាត់ទៅហើយ។ ផ្តែរទ្វារនៅប្រាង្គកណ្តាល មានក្បាច់លម្អជាទម្រង់ផ្តែរទ្វាររចនាបថប្រែរូប នៅស.វ.ទី១០ ដែលដូចទៅនឹងផ្តែរទ្វារនៅប្រាសាទប្រែរូប និងប្រាសាទមេបុណ្យខាងកើត ក្នុងតំបន់អង្គរ។ ផ្នែកខាងលើរបស់ផ្តែរ លម្អជាក្បាច់សន្លឹកឈើតូចៗ ក្បាច់បន្ទាត់ធ្នូមានរាងមូលដូចមែកឈើ  ចុងសងខាងមានលម្អ​ដោយក្បាច់ខ្យងហៀនគួចវង់ចូលក្នុង។ រីឯនៅខាងក្រោម គឺជាចង្វាយក្បាច់វង់ចូលក្នុងដូចក្បាច់វង់ហៀន និងនៅផ្នែកកណ្តាលរបកថ្មបាត់ទៅហើយ តែតាមឯកសាររបស់លោក Lunet De Lajonquière បង្ហាញថាជា ចម្លាក់ព្រះឥន្រ្ទគង់នៅលើដំរីព្ធវ៌ត (រូបលេខ៦)។ ផ្តែរទ្វារនៅប្រាង្គខាងត្បូង មានទម្រង់ដូចគ្នា តែកណ្តាលឆ្លាក់ជារូបទេពកាន់ដំបងអង្គុយក្នុងទម្រង់មហារាជលីលាសន ដែលទំនងជាព្រះយម (យោងទៅលើកាយវិការ និងទិសខាងត្បូង) ហើយនៅខាងក្រោមមានលម្អជារូបព្រះកាល ឬរាហូ (រូបលេខ៧)។  ចំពោះ ផ្តែរទ្វារប្រាង្គខាងជើង បានបាត់ចេញពីទីតាំងដើមជាយូរមកហើយ រីឯផ្តែរទ្វារដែលយើងឃើញគេដាក់ពីមុខច្រកចូលនោះ គឺជាផ្តែរទ្វារសំណង់កំពែងទេ។ ផ្តែរទ្វារប្រាង្គខាងជើង មានលក្ខណៈពិសេសជាងផ្តែរប្រាង្គកណ្តាល និងប្រាង្គខាងត្បូង ហើយយើងអាចស្គាល់បានតាមរយៈគំនូរដែលគូរដោយលោក Lunet De Lajonquière ដែលបង្ហាញអំពីតួអង្គទេវកថាសំខាន់ចំនួន ២ អង្គនៅចំកណ្តាលកំពុងឈរប្រឈមមុខដាក់គ្នា (ទេពមួយអង្គខាងជើងមានព្រះហស្ត ៤) អមដោយអ្នកហែរហមនៅសងខាងសរុបចំនួន ១០ នាក់ (អ្នកខ្លះកាន់សែនត្វាន់ និងខ្លះទៀតកំពុងលើកកំបង់អញ្ជលីប្រណម្យដល់ទេពទាំងពីរនៅចំកណ្តាល ហើយនៅចុងខាងជើងមានចម្លាក់សត្វគ្រុឌ និងចុងខាងត្បូងមានចម្លាក់សត្វគោនន្ទិ (រូបលេខ៨)។ ដូច្នេះ បើយោងទៅតាមចម្លាក់សត្វគ្រុឌ និងគោនន្ទិ យើងអាចសន្និដ្ឋានថា រូបទេពនៅចំពាក់កណ្តាល អាចជាព្រះវិស្ណុមានព្រះហស្ត ៤ នៅខាងជើង និងព្រះឥសូរមានព្រះហស្ត ២ នៅខាងត្បូង។ គ្រប់សសរពេជ្រនៅប្រាង្គសំខាន់ៗទាំងបី និងនៅអគារផ្សេងៗទៀត សុទ្ធសឹងលម្អជារាងប្រាំបីជ្រុង ដែលមានលក្ខណៈជាសសរពេជ្ររចនាបថប្រែរូប ដោយជ្រុងនីមួយៗលម្អដោយស្លឹកឈើមួយសន្លឹក អមដោយសន្លឹកឈើពាក់កណ្តាល និងសងខាងវ័ណ្ឌនៃសសរពេជ្ររីកទំហំធំនិងញឹកដែលមើលទៅដូចថ្នាំងដើមអំពៅ។

ក្រៅអំពីប្រាង្គសំខាន់ទាំងបី យើងឃើញមានហោត្រៃ (អគ្និគ្រឹះ) មួយនៅទិសអាគ្នេយ៍ សាងអំពីឥដ្ឋ​ មានរាងបួនជ្រុងទ្រវែង បែរមុខបញ្ច្រាសទៅរកប្រាង្គសំខាន់ៗទាំងបី (បែរទៅទិសខាងលិច) ហើយនៅខាងត្បូងគេរៀបចំជាបង្អួច (មានចម្រឹង) មួយថែមទៀតផង (រូបលេខ៩)។ អគារហោត្រៃ ឬហៅថា “អគ្និគ្រឹះ” (អគារបូជាភ្លើង) នេះ ក៏មាននៅសល់ផ្តែរទ្វារមួយជាសិល្បៈរចនាបថប្រែរូប ដែលក្បាច់លម្អជាទូទៅដូចផ្តែរទ្វារនៅប្រាង្គកណ្តាល និងមានរូបព្រះឥន្រ្ទគង់នៅលើដំរីព្ធវ៌តនៅចំកណ្តាល (រូបលេខ១០)។ ជាងនេះទៅទៀត ទំនងមានអគារចំនួន ២ ទៀត សង់នៅកៀកជាមួយកំពែង បែរមុខចូលក្នុងដូចគ្នា ដែលមួយនៅទិសអាគ្នេយ៍ និងមួយទៀតនៅទិសឦសានប្រាង្គសំខាន់ៗទាំង ៣។ ប៉ុន្តែសព្វថ្ងៃ យើងអាចមើលឃើញតែស៊ុមទ្វារប៉ុណ្ណោះ ហើយគេក៏មិនច្បាស់ថាជាសំណង់អ្វីឱ្យប្រាកដនោះដែរ ហើយអគារទាំងពីរនេះមានលម្អផ្តែរទ្វារថែមទៀតផងដែលសំណង់នៅទិសអាគ្នេយ៍ជាចម្លាក់ព្រះវិស្ណុផ្ទុំរង់ចាំបង្កើតលោកថ្មី។ ដោយឡែក សម្រាប់កំពែងរបស់ប្រាសាទស្លាប់ប្តី គឺសាងឡើងអំពីឥដ្ឋ រាងដូចថែវ  ដោយមានប្រវែងបណ្តោយ ៣០ ម៉ែត្រ និងទទឹង ២៥ ម៉ែត្រ ហើយអ្វីដែលចម្លែកនោះ កំពែងប្រាសាទនេះមានទ្វារចូលនៅខាងកើត និងខាងលិច អមទៅដោយទ្វារបញ្ឆោតយ៉ាងច្រើន (ខាងកើតនិងខាងលិច មានទ្វារបញ្ឆោត ២ និងខាងត្បូង-ជើង មានទ្វារបញ្ឆោត ៤ ដែលគ្រប់ទ្វារបញ្ឆោតទាំងអស់សាងឡើងពីថ្មភក់)។ កំពែងនេះ គេលម្អទៅដោយបង្អួចបញ្ឆោតរាងបួនជ្រុងស្មើ ដែលបង្អួចនេះលម្អដោយចម្រឹងធ្វើអំពីឥដ្ឋយ៉ាងប្រណិត (រូបលេខ១១)។

សរុបជារួមមក ប្រាសាទស្លាប់ប្តី ឬប្រាសាទថ្នល់ដាច់ គឺជាស្ថាបត្យកម្មប្រាសាទឥដ្ឋដ៏សំខាន់ដែលទំនងឧទ្ទិសដល់ព្រហ្មញ្ញសាសនា ប្រសិនបើយោងទៅលើចម្លាក់ទេពមួយចំនួនដែលបានបង្ហាញនៅលើផ្តែរទ្វារ។ ដោយសារប្រាសាទនេះ មិនមានបន្សល់នូវភស្តុតាងផ្នែកសិលាចារឹក យើងពុំដឹងច្បាស់ថា នៅប្រាង្គសំខាន់ៗទាំងបីគេតម្កល់អាទិទេពណាមួយនោះទេ។ ប៉ុន្តែ ជារឿយៗសំណង់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា មានប្រាង្គបីរត់ត្រង់ជួរពីអ័ក្សជើងទៅត្បូងបែបនេះ ច្រើនតែប្រាង្គកណ្តាលតម្កល់ព្រះសិរ និងប្រាង្គសងខាងតម្កល់ព្រះវិស្ណុ និងព្រះព្រហ្ម ដូចករណីប្រាសាទភ្នំបូក ប្រាសាទភ្នំក្រោម (ខេត្តសៀមរាប) និងប្រាសាទដើមចាន់ (សំបូរព្រៃគុក)។ តាមរយៈក្បាច់លម្អនៅលើផ្តែរទ្វារ សសរពេជ្រ និងប្លង់ជាទូទៅរបស់ប្រាសាទ យើងអាចសន្និដ្ឋានបានថា ប្រាសាទនេះទំនងសាងសង់ឡើងនៅចុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន ស.វ.ទី១០ (គ.ស.៩៤៤ ដល់ ៩៦៧) ក្នុងសិល្បៈរចនាបថប្រែរូប។ ជាការគួរឱ្យសោកស្តាយយ៉ាងខ្លាំង ដែលផ្តែរទ្វារមួយចំនួនដែលមានចម្លាក់ស្រស់ស្អាត បាត់ចេញពីទីតាំងដើម ហើយសព្វថ្ងៃយើងក៏មិនដឹងថាផ្តែរទ្វារទាំងនោះកំពុងនៅទីណាឱ្យច្បាស់នោះដែរ។

———————

Prasat Slap Pdei

Prasat Slap Pdei or Prasat Thnal Dach is situated along the ancient road from Angkor to Kampong Kdei, in Chi Kreng District, Siem Reap province. The temple group consists of three sanctuaries, a brick monument, square, facing to the east and surrounded by the brick gate and the rectangular moat. This temple was possibly built in the 10th century CE in the reign of King Rajendravarman (944 to 967 CE) and it is probably classified in the Pre Roub style. Due to this temple not having information from the inscriptions, it has faced difficulties to recognize the art historical and the role of the temple in religion. However, according to the reliefs on the lintel and the layout of the temple, it has been concluded that Prasat Slap Pdei or Prasat Thnal Dach is possibly dedicated to the Hinduism of the Saiva sect (the Shiva worshiping), including the Shiva in the central, the Brahma in the northern and the Vishnu in the southern tower.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!