ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទត្រពាំងរុន

ប្រាសាទត្រពាំងរុន

នៅរវាងដើមស.វ.ទី៨ ក្នុងពេលដែលព្រះនាងជ័យទេវី កំពុងសោយរាជ្យនៅក្រុងបុរេន្រ្ទបុរ អ្នកប្រវត្តិវិទូជាច្រើនបានកត់សម្គាល់ឃើញថា សិលាចារឹកបានថយចុះខ្លាំងបើធៀបទៅនឹងស.វ.ទី៧។ ប៉ុន្តែ សំណង់ស្ថាបត្យកម្មសាសនា បែរជាកាន់តែមានការវិវឌ្ឍន៍ទៅរកស្នាដៃដ៏វិចិត្រគួរឱ្យកត់សម្គាល់ ហើយអ្នកប្រវត្តិសិល្បៈវិទូបានចាត់ថ្នាក់រចនាបថសិល្បៈនាសម័យនោះថា «កំពង់ព្រះ»។ សំណង់ប្រាសាទនៅក្នុងរចនាបថកំពង់ព្រះ ច្រើនរកឃើញនៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តកណ្តាល និងខេត្តសៀមរាប ជាដើម។ នៅក្នុងអត្ថបទនេះ យើងនឹងលើកយកប្រាសាទមួយក្នុងខេត្តសៀមរាបមកសិក្សា ដែលជាសំណង់ស្ថិតក្នុងរចនាបថកំពង់ព្រះ ពោល គឺ «ប្រាសាទត្រពាំងរុន»។ តើប្រាសាទនេះ មានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?

ប្រាសាទត្រពាំងរុន មានទីតាំងស្ថិតនៅភូមិត្រពាំងរុន ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ភាគឦសានផ្លូវជាតិលេខ ៦ និងចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ ខាងកើតប្រាសាទស្លាប់ប្តី ឬប្រាសាទថ្នល់ដាច់ ដែលយើងបានចុះផ្សាយនៅក្នុងអត្ថបទមុន ហើយបច្ចុប្បន្នអ្នកស្រុកបានកសាងជាអារាមព្រះពុទ្ធសាសនាថេរវាទថ្មីមួយនៅបរិវេណប្រាសាទ។ប្រាសាទនេះ ស្ថិតនៅតាមបណ្តោយផ្លូវបុរាណដែលចេញពីតំបន់អង្គរ ឆ្ពោះទៅកាន់កំពង់ក្តី ឬផ្លូវបុរាណឆ្ពោះទៅតំបន់ប្រាសាទបាកាណ។ នៅរវាង ១៥ ឆ្នាំជាងមុន កាលដែលអ្នកស្រុកមិនទាន់រៀបចំទីតាំងនេះជាវត្តអារាម តំបន់ប្រាសាទត្រពាំងរុន គឺជាទីតាំងហ៊ុមព័ទ្ធដោយព្រៃស្តុកខ្លាំង ហើយមូលហេតុនេះហើយដែលនាំឱ្យ​​ប្រាសាទនេះ ពុំមាននៅក្នុងបញ្ជីស្ថានីយបេតិកភណ្ឌនៅកម្ពុជារបស់លោក Etienne Aymonier និងលោក Lunet De Lajonquière កាលពីរវាងចុងស.វ.ទី១៩ ដើមស.វ.ទី២០។

ប្រាសាទត្រពាំងរុន គឺជាសំណង់សាសនាដែលកសាងឡើងអំពីឥដ្ឋ មានប្រាង្គចំនួន ២ និងមានត្រពាំងធំៗចំនួន ២ នៅខាងកើត និងខាងត្បូង។ ប្រាង្គសំខាន់ គេសង់បែរមុខទៅទិសខាងកើត (សព្វថ្ងៃបាក់បែកដំបូលខាងលើ) និងប្រាង្គមួយទៀតស្ថិតនៅទិសនិរតីប្រាង្គសំខាន់ ជាសំណង់ឥដ្ឋបែរមុខទៅទិសខាងលិច (សព្វថ្ងៃបាក់បែកនៅសល់តែខ្លោងទ្វារប៉ុណ្ណោះ) ហើយសំណង់ទាំងពីរទំនងសាងឡើងនៅរវាងដើមស.វ.ទី៨ ដូចគ្នា។ ប្រាង្គដែលនៅមានរូបរាង ជាសំណង់រចនាឡើងដោយមានរាងបួនជ្រុងទ្រវែង មានទ្វារចូលនៅទិសខាងកើត (មេទ្វារសាងឡើងអំពីថ្មភក់)។ រីឯទិសខាងជើង ខាងត្បូង និងខាងលិច សិល្បកររៀបចំឡើងជាទ្វារបញ្ឆោត ដែលសាងឡើងអំពីឥដ្ឋ ភ្ជាប់មកជាមួយនូវក្បាច់លម្អយ៉ាងប្រណិតបំផុត។ សព្វថ្ងៃ ផ្តែរទ្វារនៅមុខខាងកើតបានបាត់ចេញពីទីតាំងដើមហើយ។ ប៉ុន្តែ នៅតាមទ្វារបញ្ឆោតនីមួយៗ យើងអាចមើលឃើញក្បាច់លម្អផ្តែរទ្វារដែលគេសាងអំពីឥដ្ឋ ដែលមានលក្ខណៈជាទូទៅដូចផ្តែរទ្វារបញ្ឆោតប្រាសាទភូមិប្រាសាទ ខេត្តកំពង់ធំ និងប្រាសាទដទៃទៀតដែលស្ថិតនៅក្នុងរចនាបថកំពង់ព្រះ នាស.វ.ទី៨។ ក្បាច់លម្អជាទូទៅនៃផ្តែរទ្វារប្រាសាទត្រពាំងរុន គឺមានក្បាច់បន្ទាត់ធ្នូមានទម្រង់ជាធាង ឬមែកនៃក្បាច់សន្លឹកភ្ញីទេស នៅចុងសងខាងបន្ទាត់ធ្នូមានរាងកោង និងពត់វង់ទៅលើ ហើយនៅខាងក្រោមជាក្បាច់ខ្យងហៀន (ក្បាច់ស្លឹកឈើ) មានរាងដូចទំពក់។ ដោយឡែក សសរពេជ្រប្រាសាទត្រពាំងរុន សាងឡើងអំពីថ្មភក់ តែយើងឃើញនៅសល់ជិតទីតាំងដើមជាបំណែកតិចតួចប៉ុណ្ណោះ ប៉ុន្តែទម្រង់ជាទូទៅ គឺមានលក្ខណៈដូចសសរពេជ្រប្រាសាទកំពង់ព្រះ ខេត្តកំពង់ឆ្នាំង ដោយមានរាងមូល និងមានក្បាច់លម្អជាចង្វាយក្បាច់សន្លឹកភ្ញីទេសញឹកជាងសសរពេជ្ររចនាបថព្រៃក្មេង។ រីឯក្បាច់សសរផ្អោប មានលក្ខណៈរស់រវើកយ៉ាងខ្លាំង ដោយលម្អជាក្បាច់ស្លឹកឈើជាប់គ្នាយ៉ាងវែង ដូចយើងធ្លាប់ឃើញនៅប្រាសាទជាច្រើនក្នុងរចនាបថតែមួយ។ អ្វីដែលគួរកត់សម្គាល់ នៅលើជញ្ជាំងប្រាសាទត្រពាំងរុន មិនមានលម្អជាប្រាសាទអណ្តែត ឬវិមានអណ្តែតដូចប្រាសាទព្រះស្រី ខេត្តកំពង់ឆ្នាំងឡើយ ប៉ុន្តែសិល្បករបែរជាបង្ហាញចម្លាក់ទេពស្រីមួយជុំប្រាសាទតែម្តង (ពោល សរុបទាំងអស់ ៨ រូប)។ ទេពស្រីនេះឈរនៅលើផ្កាឈូក ស្លៀកសំពត់វែងធ្លាក់ដល់កជើង មានធ្លាក់ជាយរាងដូចត្រប់សណ្តាយចំពីមុខ។ ដៃទាំងសងខាងពាក់គ្រឿងអល្លង្ការច្រើន (កងដៃ) ដៃម្ខាងដាក់ទៅលើត្រឹមស្មានិងម្ខាងទៀតដាក់ទម្លាក់សំយុងមកក្រោម ហើយដៃទាំងសងខាងកាន់ផ្កាឈូក។ ពាក់ក្រវិលធំៗ ទម្រង់មុខមូល ម្កុដខាងលើយើងមើលមិនច្បាស់ឡើយ ហើយផ្នែកខាងលើម្កុដបានបាក់បែកឥដ្ឋអស់ទៅ​ហើយដែរ។ អ្វីដែលគួរកត់សម្គាល់ជាពិសេសនោះគឺ ទេពស្រីដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទត្រពាំងរុន មានស្លាបទាំងសងខាង ហេតុដូច្នេះហើយ យើងអាចទាញសេចក្តីសន្និដ្ឋានថា ទេពស្រីនេះពុំមែនជាទុគ៌ា លក្ស្មី យមុណា ឬគង្គា នោះឡើយ ប៉ុន្តែ វាអាចជានាគរាជ (ស្តេចនាគ) ឬមហេសីរបស់នាគរាជច្រើនជាង។ នៅក្នុងព្រហ្មញ្ញសាសនា តួអង្គនាគរាជភេទប្រុសដែលជាបងប្អូនបង្កើត មាន ៣ អង្គ រួមមាន អនន្ត ឬហៅថា សេស, វាសុកិ និងតក្សក ដែលនៅក្នុងសិល្បៈខ្មែរ ឬឥណ្ឌា ​នាគរាជទាំងបីអង្គនេះ អាចបង្ហាញជាទម្រង់មនុស្សពាក់កណ្តាល និងនាគពាក់កណ្តាល ឬទម្រង់ជាមនុស្សសុទ្ធក៏មាន ហើយជាទូទៅដៃទាំងសងខាងរបស់នាគរាជ គឺកាន់ផ្កាឈូកទាំងសងខាង។ ជាពិសេសទៀតនោះ នាគរាជទាំងបី មានប្អូនស្រីម្នាក់ទៀតឈ្មោះថា “មនសា” ដែលគេស្គាល់ថា ជានាគរាជភេទស្រីដែលត្រូវជាបុត្ររបស់ព្រះឥសូរ តែចិញ្ចឹមដោយឥសីម្នាក់ ហើយនាគ មនសា ជានិមិត្តរូបតំណាងឱ្យភោគផល និងទ្រព្យសម្បត្តិ។ នៅក្នុងសិល្បៈឥណ្ឌា គេច្រើនបង្ហាញតួអង្គនាគរាជមនសា ឈរនៅលើផ្កាឈូកដូចគ្នាដែរ។ ការដែលយើងហ៊ានសន្និដ្ឋានថា រូបចម្លាក់ទេពស្រីមានស្លាបនៅលើជញ្ជាំងជានាគរាជដូច្នេះ ព្រោះយើងធ្លាប់ឃើញនៅប្រាសាទកំពង់ព្រះ ខេត្តកំពង់ឆ្នាំង ដែលមានអាយុកាលតំណាលប្រាសាទត្រពាំងរុន ក៏មានលម្អចម្លាក់នាគរាជក្នុងទម្រង់ជាមនុស្សដូចគ្នាដែរ ពោល គឺគ្រាន់តែខុសគ្នាត្រង់ថា នាគរាជនោះជាភេទប្រុសអង្គុយក្នុងទម្រង់មហារាជលីលាសន។ នៅស.វ.ទី៨ គេនិយមយករូបនាគរាជមកលម្អនៅតាម​ប្រាសាទ ទំនងមកពីនាគរាជ គឺជាសេនាការពារ​ទ្រព្យសម្បត្តិទាំងពួងនៃផែនដី ហើយជាអ្នកថែរក្សាថាមពលនៅក្នុងទឹក ឬជាសត្វតំណាងឱ្យទឹក ឬភាពត្រជាក់​ត្រជុំ។ ក្រៅពីនេះទៀត ផ្នែកខាងលើដែលនៅសល់មួយចំនួន បានឱ្យយើងឃើញអំពីក្បាច់គូឌុដែលខាងក្នុងមានលម្អជាស្លឹកឈើ ដែលពីមុនមកក្បាច់របៀបនេះ យើងធ្លាប់ឃើញនៅតំបន់សំបូរព្រៃគុក (ប្រាង្គ N7, N18) និងនៅប្រាសាទព្រះធាតុក្វាន់ពីរ ខេត្តក្រចេះ។

យើងមិនដឹងថា ប្រាង្គទាំងពីររបស់ប្រាសាទត្រពាំងរុនតម្កល់បដិមាទេពអ្វីឡើយ ដ្បិតគេពុំបាន​ប្រទះឃើញភស្តុតាងសិលាចារឹកណាមួយឡើយ។ ប៉ុន្តែ ប្រាសាទភាគច្រើននៅដើមស.វ.ទី៨ ក្នុងរចនាបថកំពង់ព្រះ ច្រើនតែឧទ្ទិសដល់ព្រហ្មញ្ញសាសនា ហើយមួយចំនួនច្រើនតែតម្កល់សិវលិង្គ និងព្រះហរិហរ។

ជារួមមក ប្រាសាទត្រពាំងរុន ទំនងជាបូជនីយដ្ឋានព្រហ្មញ្ញសាសនានៅដើមស.វ.ទី៨ នៃរចនាបថកំពង់ព្រះ ដែលមានតិចតួចបំផុតក្នុងទឹកដីស្រុកជីក្រែង ខេត្តសៀមរាប  ហើយទំនងមានអាយុកាលប្រហាក់ប្រហែលគ្នាជាមួយប្រាសាទជាច្រើនទៀត ក្នុងរចនាបថកំពង់ព្រះ តួយ៉ាង ប្រាសាទកំពង់ព្រះ ប្រាសាទភូមិប្រាសាទ ប្រាសាទអំពិលរលំ ប្រាសាទព្រះធាតុក្វាន់ពីរ ។ល។

————–

Prasat Trapeang Run

Prasat Trapeang Run is situated along the ancient road from Angkor to Kampong Kdei, in Chi Kreng District, Siem Reap province. The temple group consists of two sanctuaries, one of them is a brick monument, rectangular, facing to the east. This temple was possibly built in the early of the eighth century CE in the reign of King Jayadevi and it is probably classified in the Pre Kampong Preah style. Due to this temple not having information from the inscriptions, it has faced difficulties to recognize the art historical and the role of the temple in religion. However, according to the reliefs on the decoration and the layout of the temple, it has been concluded that Prasat Trapeang Run is possibly dedicated to the Hinduism of the Saiva sect (the Shiva worshiping) and it probably has been housed the Harihara statue in the ancient time.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!