ប្រាសាទព្រះភ្នំ

ស្រុកអង្គរជុំ ខេត្តសៀមរាប ប្រមូលផ្តុំទៅដោយស្លាកស្នាមបុរាណយ៉ាងសម្បូណ៌បែប ដ្បិតតំបន់នេះ គឺជាទីប្រជុំជនដ៏សំខាន់មួយនៅសម័យអង្គរ ដែលស្ថិតនៅតាមបណ្តោយផ្លូវចេញពីអង្គរឆ្ពោះទៅតំបន់ភិមាយ ហើយយ៉ាងហោចណាស់នៅក្នុងស្រុកអង្គរជុំក៏មានបុរាណដ្ឋានជាង ៧០ កន្លែងដែរ។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីបូជនីយដ្ឋានព្រហ្មញ្ញសាសនាដ៏សំខាន់មួយស្ថិតនៅតាមបណ្តោយផ្លូវពីអង្គរទៅភិមាយ មានឈ្មោះថា «ប្រាសាទព្រះភ្នំ»។ តើប្រាសាទនេះ មានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?

ប្រាសាទព្រះភ្នំ មានទីតាំងស្ថិតនៅភូមិស្លាត ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ភាគទិសអាគ្នេយ៍នៃភូមិព្រះភ្នំ ចម្ងាយប្រមាណ ២០០ ម៉ែត្រ និងមានចម្ងាយ ៣០០ ម៉ែត្រពីផ្លូវបុរាណ។ នៅរវាងដើមស.វ.ទី២០​ អ្នកស្រាវជ្រាវជនជាតិបារាំង គឺ  លោក Etienne Aymonier បានមកសិក្សា និងចុះបញ្ជីបូជនីយដ្ឋាននេះដំបូងគេ។ ប្រាសាទព្រះភ្នំ សាងឡើងនៅលើដីទួលខ្ពស់មួយដែលគេពូនឡើងជារាងបួនជ្រុងទ្រវែង ដោយមានបណ្តោយពីកើតទៅលិចប្រវែង ៩០០ ម៉ែត្រ និងទទឹងពីជើងទៅត្បូងប្រវែង ៤០០ ម៉ែត្រ។ ប្លង់ជាទូទៅរបស់ប្រាសាទ គឺរៀបចំឡើងជាប្រាង្គធ្វើអំពីឥដ្ឋមានចំនួន ២ ជួរ ដែលជួរខាងមុខមានចំនួន ៣ ប្រាង្គ និងជួរខាងក្រោយមានចំនួន ២ ប្រាង្គ។ ជួរខាងមុខ គេរៀបចំជាអ័ក្សស្មើគ្នាពីជើងទៅត្បូង ដោយដាក់បែរមុខទៅទិសខាងកើត ហើយក្នុងនោះប្រាង្គកណ្តាលមានទំហំធំជាងគេ ពោល​ គឺជារាងបួនជ្រុងស្មើ ដែលមានប្រវែង ៥ ម៉ែត្រ x ៥ ម៉ែត្រ។ ប៉ុន្តែ ប្រាង្គសង្ខាងនៅខាងជើងនិងខាងត្បូង មានរាងបួនជ្រុងស្មើដូចគ្នា តែមានទំហំត្រឹមតែ ៤,៥០ ម៉ែត្រ x ៤,៥០ ម៉ែត្រ។ ដោយឡែក​ នៅជួរខាងក្រោយ មានប្រាង្គធ្វើអំពីឥដ្ឋចំនួន ២ ទៀត គេតម្រៀបអ័ក្សពីជើងទៅត្បូង ហើយមានទីតាំងស្ថិតនៅចន្លោះប្រាង្គទាំង​ ៣ ដែលនៅជួរខាងមុខ។ ក្រៅពីនេះ នៅផ្នែកខាងកើតប្រាង្គទាំង ៥ មានសំណង់ហោត្រៃធ្វើអំពីឥដ្ឋចំនួន ២ ទៀត តែបានបាក់បែកនៅសល់តែគ្រឹះប៉ុណ្ណោះ។ ប្រាសាទព្រះភ្នំ ក៏មិនខុសពីប្រាសាទខ្មែរដទៃទៀតដែរ គឺមានកសិន្ធុហ៊ុមព័ទ្ធជុំវិញដូចគ្នា ហើយនៅទិសខាងកើតមានត្រពាំងធំមួយ។

ប្រាង្គទាំង ៥ របស់ប្រាសាទព្រះភ្នំ សុទ្ធសឹងតែបែរមុខនិងមានទ្វារចូលនៅទិសខាងកើត ហើយនៅទិសផ្សេងទៀត គេរៀបជាទ្វារបញ្ឆោត។ យើងសង្កេតឃើញថា ផ្តែរទ្វារទាំងអស់ដែលនៅសល់លើប្រាសាទ សុទ្ធតែមានសភាពមិនល្អដូចគ្នា ពោល គឺក្បាច់ផ្តែរនីមួយៗបានរបេះក្បាច់ស្ទើរតែអស់ទៅហើយ។ តាមការរៀបរាប់របស់លោក Lunet De Lajonquière ផ្តែរទ្វារបានរបេះតាំងពីមុនលោកបានមកដល់មកម្ល៉េះ ហើយក្នុងលោកបានបរិយាយថា មានតែផ្តែរទ្វារប្រាង្គកណ្តាលខាងមុខប៉ុណ្ណោះ ដែលអាចនៅមើលយល់ថាជារូបព្រះឥន្រ្ទជិះលើដំរីព្ធវ៌ត។ ប៉ុន្តែសព្វថ្ងៃផ្តែរនេះបានរបេះបន្ថែមមើលលែងឃើញរូបព្រះឥន្រ្ទជិះដំរីហើយ។ ផ្តែរទ្វារខ្លះនៅសល់រូបទេពប្រណម្យនៅខាងលើ ផ្តែរខ្លះនៅសល់ចម្លាក់ចង្វាយក្បាច់ និងផ្តែរនៅប្រាង្គជួរខាងក្រោយមាននៅសល់ចម្លាក់នៅចំកណ្តាលផ្តែរទ្វារផ្នែកខាងក្រោម ដែលបង្ហាញអំពីការចងរឹតក្បាច់ខ្យងហៀនពីរ ដែលយើងអាចសម្គាល់បានថា ចំណងរបៀបនេះ គឺជាសិល្បៈរចនាបថកោះកេរនៅក្នុងស.វ.ទី១០ (គ.ស.៩២១ – ៩៤៥)។ យើងមិនដឹងប្រាកដថា ប្រាង្គនីមួយៗនៅប្រាសាទព្រះភ្នំ ពីដើមមកតម្កល់ទេពណាខ្លះឡើយ ប៉ុន្តែ លោក Aymonier បានរៀបរាប់ថា ពីដើមមកគេបានរកឃើញព្រះសិរព្រះសិវចំនួន ២ តែព្រះសិរទាំង ២ នេះ គេបានយកទៅរក្សាទុកនៅប្រាសាទក្តីតាគាម ដែលស្ថិតនៅទិសខាងលិចប្រាសាទព្រះភ្នំ ចម្ងាយប្រមាណ ៨ គីឡូម៉ែត្រ។ បន្ថែមពីនេះ លោក Lunet De Lajonquière រៀបរាប់ឱ្យដឹងថា នៅខាងមុខប្រាសាទមានបំណែកបដិមាគោនន្ទិ ដែលនេះជាភស្តុតាងមួយនាំឱ្យយើងសន្និដ្ឋានថា សំណង់ប្រាសាទព្រះភ្នំ ទំនងជាទេវស្ថានដែលឧទ្ទិសដល់ព្រះសិវ។ ដោយឡែក នៅប្រាសាទព្រះភ្នំ គេបានរកឃើញសិលាចារឹកចំនួន ៣ ផ្ទាំង ដែលផ្ទាំងទី១ បច្ចុប្បន្នកំពុងស្ថិតនៅជាប់នឹងមេទ្វារប្រាង្គកណ្តាលជួរខាងមុខ ហើយចុះបញ្ជីលេខ K.454។ សិលារឹកចំនួន ២ ទៀត រកឃើញដោយអគ្គនាយកដ្ឋានសិល្បៈខ្មែរ នៅក្នុងឆ្នាំ១៩២៥ ប៉ុន្តែគេមិនដឹងថាទីតាំងដើមរបស់សិលាចារឹកស្ថិតនៅទីណាឱ្យច្បាស់នោះឡើយ។ អក្សរចារឹកនៅលើមេទ្វារប្រាង្គកណ្តាលជួរខាងមុខ K.454 មានតែ ២ បន្ទាត់ ស្មើនឹង ១ ស្លោកប៉ុណ្ណោះ ដែលរៀបរាប់ថា៖                   ​​

ឧវ៌ិវភុជា ឝ្រីជយវម៌្មនាម្នា             និយោជិតាជ្ញោនលទោទ៌្យុចន្ទ្រៃះ

                  អស្ថាបយត្បទ្មបុរាខ្យ ឦឝំ      ហោត្ឫឞភោ រាជបុរោហិតេន្ទ្រះ។

ប្រែថា៖ មានព្រះរាជបញ្ជារបស់ព្រះបាទស្រីជយវម៌្ម នៅក្នុងឆ្នាំនៃសកកំណត់ដោយ ព្រះចន្ទ=១  មេឃ=០ ទោ=២ ភ្លើង=៣ =១០២៣ ម.ស. (ស្មើនឹងគ.ស.១១០១) គោឧសភនៃហោរត ប្រធានរាជបុរោហិតបានសាងព្រះឦឝ នៅទីក្រុងបទ្មបុរ។

ចំណែក សិលាចារឹក K.593 ចារឹកជាភាសាសំស្រ្កឹតដូចគ្នា មានចំនួន ៤ បន្ទាត់ ស្មើនឹង ២ ស្លោក​ ចុះកាលបរិច្ឆេទម.ស.៨៥២ ត្រូវនឹងគ.ស.៩៣០ ដែលរៀបរាប់អំពីការកសាងរូបសំណាកព្រះសិវសោម ក្នុងរជ្ជកាលព្រះបាទឥន្រ្ទវរ្ម័នទី១​ (គ.ស.៨៧៧ – ៨៨៩)។ ចុងក្រោយ សិលាចារឹក K.594 ចារឹកជាភាសាខ្មែរ មានចំនួន ១៦ បន្ទាត់ តែបាក់បែកដោយអន្លើ (នៅអាចអានបានខ្លះ) ហើយមិនបានបញ្ជាក់កាលបរិច្ឆេទនោះទេ តែលោក Coedès គិតថា អក្សរចារឹកនេះមានលក្ខណៈដូចអក្សរនៅក្នុងស.វ.ទី១០។ អក្សរចារឹកដែលនៅសល់នៃសិលាចារឹក K.594 នេះ គេគ្រាន់តែដឹងថា មានរៀបរាប់អំពីព្រះរាជបញ្ជារបស់ព្រះមហាក្សត្រ ឈ្មោះឥស្សរជនមួយចំនួន​ និងរៀបរាប់អំពីទីក្រុងអមោឃបុរ។ ដូច្នេះហើយ តាមរយៈភស្តុតាងផ្នែកសិល្បៈ-ស្ថាបត្យកម្ម និងខ្លឹមសារនៃសិលាចារឹកទាំង ៣ យើងអាចទាញសេចក្តីសន្និដ្ឋានថា ប្រាសាទព្រះភ្នំ គឺជាសិល្បៈនៅក្នុងរចនាបថកោះកេរ ដែលកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (គ.ស.៩២១ – ៩៤១) នៅត្រង់ទីក្រុង ឬទីប្រជុំជនដ៏ធំមួយដែលជាមានឈ្មោះដើមថា “បទ្មបុរ” ឬ “អមោឃបុរ” ដែលស្ថិតនៅតាមបណ្តោយផ្លូវបុរាណពីអង្គរឆ្ពោះទៅតំបន់ភិមាយ។ ក្រោយមកទៀត នៅស.វ.ទី១២ (គ.ស.១១០១) ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៦ (គ.ស.១០៨០​ – ១១០៧) ទំនងជា ហោរត និងប្រធានរាជបុរោហិត បានកសាងរូបសំណាករូបគោនន្ទិ និងព្រះសិវតម្កល់នៅទីនោះ ឬអាចជួសជុល ឬកសាងប្រាសាទបន្ថែមក៏អាចថាបាន។ លើសពីនេះ យើងអាចសន្និដ្ឋានយ៉ាងជាក់លាក់ថា ប្រាសាទព្រះភ្នំ គឺជាសំណង់ព្រហ្មញ្ញសាសនា ដែលឧទ្ទិសដល់និកាយសៃវ (ការគោរពព្រះសិវ) ហើយមានលក្ខណៈសិល្បៈ-ស្ថាបត្យកម្មស្រដៀងទៅនឹងប្រាសាទមួយចំនួននៅក្រុងលិង្គបុរ (កោះកេរ) ខេត្តព្រះវិហារ។

——————

Prasat Preah Phnom

Prasat Preah Phnom is situated along the ancient road from Angkor to Phimai, in Angkor Chum District, Siem Reap province. This temple group consists of five brick sanctuaries, square, arranged in two rows, with three towers at the front and two towers at the back, facing to the east and surrounded by the rectangular moat. According to the art historical evidence and the content of the three inscriptions, it has concluded that Prast Preah Phnom was possibly built in the 10th century (930 CE) in the reign of King Jayavarman IV (921 to 941 CE) and it is probably classified in the Koh Ker style and situated in a large city or town, originally named “Padmapura” or “Amoghapura”, located along the ancient road from Angkor to Phimai. But, in the 12th century (1101 CE), during the reign of Jayavarman VI (1080-1107 CE), it is likely that the highly officials built the statues of Nandin and Shiva. In addition, due to the inscriptions and the art historical evidence, it has argued that Prasat Preah Phnom is a Hindu temple dedicated to the Saiva sect (worship of Lord Shiva) and has an artistic-architectural style similar to some of the temples in the Lingapura city (Koh Ker), Preah Vihear province.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!