ប្រាសាទវត្តចារលើ មានទីតាំងស្ថិតនៅភូមិចារលើ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយប្រមាណ ៨ គីឡូម៉ែត្រភាគនិរតីទីរួមស្រុកក្រឡាញ់ ខេត្តសៀមរាប និងប្រមាណ ៧ គីឡូម៉ែត្រភាគនិរតីប្រាសាទភ្នំកំបុត។ បច្ចុប្បន្ននេះ ប្រាសាទវត្តចារលើ ស្ថិតនៅក្នុងបរិវេណវត្តអារាមព្រះពុទ្ធសាសនាថេរវាទដ៏ចំណាស់មួយ។ ក្រៅអំពីប្រាសាទបុរាណដែលយើងនឹងលើកមករៀបរាប់លម្អិតក្នុងអត្ថបទនេះ នៅក្នុងបរិវេណអារាមដ៏ចំណាស់នេះ មានបន្សល់ទុកនូវសំណង់សាសនាបុរាណជាច្រើនគួរឱ្យចាប់អារម្មណ៍ រួមមាន ព្រះវិហារបុរាណ ធម្មមន្ទីរបុរាណ សាលាឆាន់បុរាណជាដើម។ តាមរយៈការសិក្សាដំបូងៗរបស់អ្នកស្រាវជ្រាវជនជាតិបារាំង គេបានហៅឈ្មោះប្រាសាទនេះខុសៗគ្នា ដូចជា ប្រាសាទគោកទ្រព្យ ប្រាសាទវត្តចាស់ និងប្រាសាទវត្តចារលើ ប៉ុន្តែនៅសម័យបច្ចុប្បន្នគេនិយមហៅប្រាសាទនេះថា “ប្រាសាទវត្តចារលើ”។ តើប្រាសាទនេះ មានប្រវត្តិនិងលក្ខណៈដូចម្តេចខ្លះ?
ប្រាសាទវត្តចារលើ គឺមិនខុសគ្នាប៉ុន្មានជាមួយប្រាសាទដទៃទៀតក្នុងតំបន់ជាមួយគ្នាដែរ ពោល គឺចាប់ផ្តើមមានការសិក្សាស្រាវជ្រាវដំបូងនៅរវាងចុងស.វ.ទី១៩ នៅក្នុងដំណើរបេសកកម្មរុករកសម្បត្តិបេតិកភណ្ឌកម្ពុជាដោយលោក Ètienne Aymonier នៅក្នុងឆ្នាំ១៨៨២ – ១៨៨៣ ហើយលទ្ធផលនៃដំណើរបេសកកម្មនេះ បានបោះពុម្ពផ្សាយនៅក្នុងសៀវភៅដ៏មានសារសំខាន់របស់លោកនាដើមស.វ.ទី២០ (គ.ស.១៩០១)។ ក្នុងពេលនោះ លោក Aymonier បានហៅឈ្មោះប្រាសាទនេះថា “ប្រាសាទគោកទ្រព្យ” (Kouk Treap) ដោយបានរៀបរាប់ត្រួសៗអំពីព័ត៌មានទាក់ទងជាមួយប្រាសាទ។ ប៉ុន្តែ លោកបានច្រឡំសរសេរថា “ប្រាសាទនេះកសាងឡើងអំពីឥដ្ឋ”។ ក្រោយមកបន្តិច នៅក្នុងឆ្នាំ១៩១១ លោក Lunet De Lajonquière បានបោះពុម្ពសៀវភៅបេតិកភណ្ឌកម្ពុជា ភាគទី៣ ដោយហៅទីនោះថា “វត្តចាស់” និងបានចុះបញ្ជីបុរាណដ្ឋានលេខ IK. 842។ មិនយូរប៉ុន្មាន លោក Henri Marchal ក្នុងនាមជាអ្នកអភិរក្សប្រចាំអភិរក្សដ្ឋានអង្គរ បានចុះដល់ទីតាំងនេះនៅចុងទសវត្សរ៍ ១៩២០ ដោយលោកហៅទីនោះថា “វត្តចារលើ”។ លោកបានកត់ត្រានូវរាល់វត្ថុសិល្បៈដែលមាននៅទីនោះ និងបានគូររូបសំពត់របស់ទេវរូបដែលឆ្លាក់នៅលើហោជាងចូលទៅក្នុងកំណត់ហេតុរបស់លោកថែមទៀតផង។ ប្រាសាទវត្តចារលើ ជាសំណង់ប្រាសាទថ្មភក់ពណ៌ផ្កាឈូក ដែលសង់នៅលើគ្រឹះរៀបថ្មបាយក្រៀមមានរាងបួនជ្រុងស្មើ ទំហំ ៤ ម៉ែត្រ x ៤ ម៉ែត្រ កម្ពស់ប្រមាណ ៦ ម៉ែត្រ (ផ្នែកដំបូលបែកបាក់តិចតួច) បែរមុខទៅខាងកើត និងជញ្ជាំងទិសផ្សេងៗទៀតលម្អជាទ្វារបញ្ឆោត និងមានកសិន្ធុហ៊ុមព័ទ្ធជុំវិញ (សព្វថ្ងៃកសិន្ធុគេបានចាក់ដីបំពេញពីលើបាត់ទៅហើយ)។ នៅមុខខាងកើតរបស់ប្រាសាទ មានព្រះវិហារព្រះពុទ្ធសាសនាថេរវាទមួយសង់អំពីឥដ្ឋបូកកំបោរបាយអ ក្នុងទម្រង់ជាព្រះវិហារជហ្វា ៤ ត្រូវបែបបទរចនាបថខ្មែរ ដែលទំនងមានអាយុកាលប្រមាណជាង ១០០ ឆ្នាំ។ យើងពុំដឹងច្បាស់ថា តើព្រះវិហារនេះ គឺពិតជាព្រះវិហារដែលលោក Lajonquière បានរៀបរាប់នៅក្នុងសៀវភៅរបស់លោក ឬមិនមែននោះឡើយ? ប៉ុន្តែ បើព្រះវិហារនេះពិតជាបានសាងសង់មុនដំណើរស្រាវជ្រាវរបស់លោកទៅកាន់ទីនោះមែន វាជាប្រភពដ៏ជឿជាក់ដែលនាំឱ្យយើងដឹងថា ព្រះវិហារជហ្វា ៤ នេះ មានអាយុកាលយ៉ាងហោចណាស់នៅចុងស.វ.ទី១៩។ យើងសង្កេតឃើញថា ស្ថានភាពរបស់ប្រាសាទនាពេលសព្វថ្ងៃនេះ ហាក់ដូចជាពុំសូវរឹងមាំប៉ុន្មានឡើយ ព្រោះថ្មនៅតាមផ្នែកជាច្រើនបានរលុះធ្លាក់ចុះមកក្រោម។ ជាក់ស្តែង ថ្មនៅផ្នែកដំបូលខាងលើ សសរផ្អោបនៅច្រកខាងកើត ផ្តែរទ្វារ និងផ្នែកខាងក្រោមរបស់ហោជាង បានជ្រុះធ្លាក់មកក្រោមអស់ហើយ។ លោក Lajonquière បានរៀបរាប់ថា នៅទីនេះមានផ្តែរទ្វារមួយធ្វើអំពីថ្មភក់ មានចម្លាក់រូបព្រះឥន្រ្ទនៅចំកណ្តាល ហើយលោកចាត់ទុកថាជាផ្តែរទ្វារប្រភេទទី ៣ (សម័យអង្គរ)។ គួរឱ្យសោកស្តាយ ផ្តែរទ្វារនេះពុំស្ថិតនៅទីតាំងរបស់ប្រាសាទនេះទៀតឡើយ ហើយយើងក៏មិនដឹងព័ត៌មានជាក់លាក់ថា ផ្តែរទ្វារប្រាសាទវត្តចារលើនេះបានបាត់បង់ ឬអាជ្ញាធរពាក់ព័ន្ធយកទៅរក្សាទុកនៅទីណានោះឡើយ។ ដោយឡែក ហោជាងប្រាសាទវត្តចារលើ បាក់បែកផ្នែកខាងក្រោម និងផ្នែកខាងចុង ដែលមានទម្រង់ជាហោជាងរាងទ្រនង់នាគលម្អដោយក្បាច់សន្លឹកឈើ ហើយជាទូទៅហោជាងប្រភេទនេះច្រើនតែនៅខាងចុងមានលម្អដោយចម្លាក់សត្វមករខ្ជាក់នាគ។ នៅត្រង់ពាក់កណ្តាលហោជាង មានសេសសល់ចម្លាក់ទេវរូបឈរដោយព្រះហស្តខាងឆ្វេងដាក់ត្រឹមចង្កេះលើខ្សែក្រវ៉ាត់ និងព្រះហស្តស្តាំទ្រចម្លាក់រាងដូចជាស្លឹកឈើ ឬពពក (តំណាងឱ្យភ្នំគោវធ៌ន)។ បើឃើញតែរូបប៉ុណ្ណឹង យើងមិនអាចសន្និដ្ឋានជាក់លាក់ថា ទេវរូបអង្គនេះ ជាព្រះក្រឹស្នាទ្រភ្នំគោវធ៌ន ឡើយ ប៉ុន្តែដោយយោងទៅតាមឯកសាររបស់លោក Aymonier និងលោក Lajonquière ដែលរៀបរាប់ថា នៅជិតទេវរូបមានចម្លាក់សត្វគោ និងអ្នកគោរពព្រះ (សំដៅដល់អ្នកភូមិ និងក្មេងគង្វាលគោ) យើងអាចទាញសេចក្តីសន្និដ្ឋានថា ចម្លាក់នៅលើហោជាងបង្ហាញអំពីឈុតព្រះក្រឹស្នាទ្រភ្នំគោវធ៌ន ដើម្បីប្រឆាំងជាមួយនឹងទឹកភ្លៀងដ៏មហិមារបស់ព្រះឥន្រ្ទដែលមានបំណងចង់បង្អុរទឹកភ្លៀងឱ្យជន់លិចភូមិស្រុក មនុស្ស និងសត្វពាហនៈ (រូបលេខ៨)។ សូមបញ្ជាក់ថា ហោជាងទ្រនង់នាគរបៀបនេះ ចាប់ផ្តើមពេញនិយមនៅក្នុងសិល្បៈបុរាណខ្មែរតាំងពីស.វ.ទី១០ និងទី១១ មកម្ល៉េះ ហើយបើយោងទៅតាមសំពត់ចម្លាក់ព្រះក្រឹស្នានៅលើហោជាង (ខ្សែក្រវ៉ាត់ចង្កេះ សំពត់មានភ្លី ធ្លាក់ជាយទៅលើភ្លៅខាងស្តាំ និងជាយធំធ្លាក់ចំពីមុខ) គូរដោយលោក Henri Marchal កាលពីចុងទសវត្សរ៍ ១៩២០ អាចបង្ហាញថា ចម្លាក់ហោជាងនេះឆ្លាក់នៅដើមស.វ.ទី១១ ក្នុងរចនាបថឃ្លាំង។ ក្រៅអំពីអ្វីដែលបានរៀបរាប់ខាងលើនេះ យោងទៅតាមការរៀបរាប់របស់គេហទំព័រ cisark.mcfa.gov.kh បានបង្ហាញថា នៅបរិវេណប្រាសាទវត្តចារលើ គេធ្លាប់រកឃើញជើងទម្របដិមា ព្រះពុទ្ធរូបធ្វើអំពីថ្មភក់ចំនួន ៣ និងព្រះសិរព្រះព្រហ្មមានព្រះភក្រ្តបួន ចំនួន ១។
ដោយហេតុថា ប្រាសាទវត្តចារលើ ពុំមានសិលាចារឹកសេសសល់ដូចប្រាសាទដទៃទៀត យើងអាចកំណត់អាយុកាលរបស់ប្រាសាទទៅតាមការសិក្សាប្រៀបធៀបគ្រឿងលម្អសិល្បៈ ប្លង់ និងរូបរាងរបស់ប្រាសាទ។ ដូច្នេះ ប្រសិនបើយោងទៅលើរូបរាងជាទូទៅ និងចម្លាក់នៅខាងក្នុងហោជាង យើងអាចទាញសេចក្តីសន្និដ្ឋានថា ប្រាសាទវត្តចារលើទំនងកសាងឡើងនៅដើមស.វ.ទី១១ នៅក្នុងរជ្ជកាលព្រះបាទស្រីសូរ្យវរ្ម័នទី១ (គ.ស.១០០២ – ១០៤៩)។ ដោយឡែក តួនាទីរបស់ប្រាសាទវិញ យើងអាចសន្និដ្ឋានថា ប្រាសាទវត្តចារលើ ជាសំណង់ព្រហ្មញ្ញសាសនាមួយដែលអាចឧទ្ទិសដល់ព្រះឥសូរ (?) ដូចប្រាសាទដទៃទៀតក្នុងស.វ.ទី១១ដែរ។ ជារួមមក បុរាណដ្ឋានប្រាសាទវត្តចារលើ គឺជាទេវស្ថានព្រហ្មញ្ញសាសនាដ៏ពិសិដ្ឋមួយនៅសម័យអង្គរ ហើយបានវិវឌ្ឍទៅជាទេវស្ថានព្រះពុទ្ធសាសនាថេរវាទដ៏ស័ក្តិសិទ្ធិចាប់ពីសម័យកណ្តាលរហូតមកដល់បច្ចុប្បន្ន។
————-
Prasat Vat Char Leu
Prasat Vat Char Leu Temple is situated along the ancient road from Angkor to Phimai. The temple is a sandstone single tower, square, facing to the east, possibly built in the 11th century CE in the reign of King Suryavarman I (1002 to 1049 CE) and it is probably classified in the Khleang style. Due to this temple not having information from the inscriptions, it has faced difficulties recognizing the temple’s role in religion. However, according to the reliefs on the lintel, pediment (God Krishna), and the head of Brahma statue found around the temple, it has been concluded that Prasat Vat Char Leu is possibly dedicated to the Hinduism and from the Post-Angkor period onwards, this site has become a sacred place of Theravada Buddhism.