ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទភ្នំបាយ៉ង់ K.852

សិលាចារឹកប្រាសាទភ្នំបាយ៉ង់ K.852

ប្រាសាទភ្នំបាយ៉ង់ មានទីតាំងស្ថិតនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ និងជាទីតាំងដ៏ពិសិដ្ឋស្ថិតនៅលើភ្នំ ចម្ងាយប្រមាណ ១,៧ គីឡូម៉ែត្រនិរតីភូមិត្រពាំងស្រង់។ ប្រាសាទនេះកសាងឡើងអំពីឥដ្ឋនៅរវាងដើមស.វ.ទី៧ ដោយរាងបួនជ្រុងទ្រវែង បែរមុខទៅទិសអាគ្នេយ៍ និងមុខបីផ្សេងទៀតលម្អជាទ្វារបញ្ឆោត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ នៅខាងក្នុងប្រាង្គប្រាសាទមានសំណង់គភ៌គ្រឹះមួយសាងអំពីឥដ្ឋ សម្រាប់ដើរប្រទក្សិណនៅពេលធ្វើពិធីសាសនាផ្សេងៗ។ កាន់តែពិសេសជាងនេះទៅទៀត ប្រាសាទភ្នំបាយ៉ង់ទទួលបានការសព្វព្រះរាជហឫទ័យពីព្រះមហាក្សត្រជាច្រើនជំនាន់ ទើបមានសិលាចារឹកបន្សល់ទុកយ៉ាងច្រើនរៀបរាប់អំពីការធ្វើបុណ្យរបស់ស្តេចអង្គទាំងនោះ ពោល យ៉ាងតិចគេបានរកឃើញសិលាចារឹកនៅប្រាសាទភ្នំបាយ៉ង់ចំនួន ១៧ ផ្ទាំង។ នៅក្នុងអត្ថបទនេះ ក្នុងចំណោមសិលាចារឹកសរុប ១៧ ផ្ទាំងនេះ យើងសូមបង្ហាញសិលាចារឹក ១ ផ្ទាំងប៉ុណ្ណោះ ពោល គឺសិលាចារឹកដែលចុះលេខបញ្ជី K.852។ តើសិលាចារឹកនេះ មានអត្ថន័យ និងខ្លឹមសារបែបណាខ្លះ?

កាលដំបូងឡើយ សិលាចារឹកនេះគេបានយកទៅរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ ដោយចុះបញ្ជីលេខ D.85 និង D.83 ប៉ុន្តែ សព្វថ្ងៃគេរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប។ K.852 គឺជាផ្ទាំងសិលាចារឹកដែលចារនៅលើថ្មភក់រាងជាបង្គោលសីមា ដែលមានរាងតូច ហើយធ្លាប់បានអាន និងបកប្រែដំបូងគេដោយលោក ហ្សក សឺដេស កាលពីឆ្នាំ១៩៣៧។ សិលាចារឹកនេះចារឹកជាភាសាខ្មែរ មានចំនួន ១២ បន្ទាត់ រៀបរាប់អំពីការកសាងអាស្រមមួយ ដែលមានទីតាំងនៅលើភ្នំបាយ៉ង់តែម្តង។ អាស្រមដែលរៀបរាប់នៅក្នុងសិលាចារឹកនេះមានព្រះនាមថា “ព្រះកម្រតេង ជគត ស្រីភទ្រេឝ្វរឝ្រម” (ស្រីភទ្រេស្វរស្រម) ដែលប្រែថា “អាស្រមរបស់ព្រះភទ្រេស្វរ ឬព្រះឥសូរ”។ អាស្រមនេះទៀតសោត គឺជាព្រះរាជបុណ្យរបស់ព្រះបាទកម្រតេងអញស្រីធរណិន្រ្ទវម៌្មទេវ (ទី១) (គ.ស.១១០៧ – ១១១៣) ដែលបានកសាងឡើងនៅមហាសករាជឆ្នាំ១០២៩ (ត្រូវនឹងគ្រឹស្តសករាជឆ្នាំ ១១០៧) ត្រូវនឹងថ្ងៃអាទិត្យ ១២រោច ខែពិសាខ ព្រះចន្ទ្របុរស ឬស្រីណាដែលមានកើតចំពេលដែលព្រះចន្រ្ទី ជាឫក្សមិនអំណោយផលល្អ និងមិនសូវមានការពេញនិយមឡើយ។ ដល់ទាំង។ បន្សល់ទុកយ៉ាងច្រើនរៀបរាប់អំពីសោយឫក្សរេវតិ ឬរេវតីឫក្ស (ឫក្សទី២៧)។ អ្វីដែលគួរឱ្យកត់សម្គាល់ត្រង់ថា ហេតុអ្វីបានជាគេកសាងអាស្រមព្រះស្រីភទ្រេស្វរ ឱ្យចំដួងឫក្សរេវតិ ឬរេវតីឫក្ស បែបនេះទៅវិញ? ដ្បិត ជាធម្មតានៅក្នុងជំនឿព្រហ្មញ្ញសាសនា ឫក្សរេវតិ ឬរេវតី ជាឫក្សមិនអំណោយផលល្អ និងមិនសូវមានការពេញនិយមឡើយ។ យោងទៅតាមគម្ពីរហោរាសាស្រ្តមាត្រដ្ឋាន ទំព័រ ២៤៧ បង្ហាញឱ្យដឹងថា “បើបុរស ឬស្រីណាដែលមានកើតចំពេលដែលព្រះចន្រ្ទសោយឫក្សរេវតិ ច្រើនតែជាជនអប្បឥតប្រាជ្ញាញាណ ច្រើនជួបតែក្តីអន្តរាយ ឬបើចុះទឹកច្រើនតែលង់ទឹក ឬអន្តរាយនៅក្នុងទឹក”។

យ៉ាងណាក្តី នៅក្នុងសិលាចារឹកភ្នំបាយ៉ង់ K.852 បានផ្តល់ទិន្នន័យដ៏ពិសេសថា ព្រះបាទកម្រតេងអញស្រីធរណិន្រ្ទវម៌្មទេវ (ទី១) ទ្រង់កសាងព្រះស្រីភទ្រេស្វរស្រម ដើម្បីជាអសនៈព្រះកម្រតេងជគតសិវបុរ ដែលជាវិមាន ឬក្រុងរបស់ព្រះសិវ។ ម្ល៉ោះហើយ ក្នុងគំនិតមនុស្សខ្មែរបុរាណ គឺគេបានប្រសិទ្ធិ ឬចាត់ទុកទេវស្ថានភ្នំបាយ៉ង់ជាទេវស្ថានព្រះសិវ (សិវបុរ) ឬសិវវិមាន។ បន្ថែមពីនេះទៀត សិលាចារឹកនេះបានបញ្ជាក់ថា កម្រតេងជគតសិវបុរ មានទីតាំងស្ថិតនៅវិស័យធន្យបុរ (ខេត្ត ឬក្រុងធន្យបុរ)។ ពាក្យ “វិស័យ” សំដៅដល់ការបែងចែកតំបន់រដ្ឋបាលដ៏ធំមួយ ហើយបើសព្វថ្ងៃអាចប្រហាក់ប្រហែលជាមួយពាក្យថា “ខេត្ត”។

បន្ទាប់ពីបានកសាងស្រីភទ្រេស្វរាស្រមរួចមក ព្រះបាទកម្រតេងអញស្រីធរណិន្រ្ទវម៌្មទេវ (ទី១) បានធ្វើព្រះជំនូនជាច្រើនដល់អាស្រម ដោយកំណត់ផ្តល់ជូនតាមខែខ្នើត និងរនោច។ អ្វីគួរកត់សម្គាល់ ព្រះរាជជំនូនទាំងនោះ មិនមែនជាប្រជារាស្រ្តសាមញ្ញ ឬទាសករនោះឡើយ តែពួកគេសុទ្ធតែជាមនុស្សវណ្ណៈអភិជន ដែលមានមានឋានន្តរនាមទាំងអស់ ពោល គឺមានន័យថា ព្រះជំនូននេះគឺជាមនុស្សអភិជនដែលព្រះរាជាចាត់តាំងឱ្យជួយមើលការខុសត្រូវ និងផ្គត់ផ្គង់តង្វាយដល់ព្រះស្រីភទ្រេស្វរាស្រម ដោយអ្នកទាំងនោះ ព្រះមហាក្សត្របានកំណត់ចំនួនអ្នកដែលត្រូវមកជួយឧបត្ថម្ភនៅខែខ្នើត និងខែរនោច។ ក្នុងនោះ អ្នកឧបត្ថម្ភនៅខាងខ្នើត រួមមាន ខ្លោញវិទ្យាវាស  លោញបុន លោញសាន លោញវង្ស តេងត្វនកន្ម្យង តេងរត្ន តេងត្វនវ្រៅ តេងត្វនកន្ទិច តេង​​     គ្រាត និង តេងវីជ។ ចំណែក អ្នកឧបត្ថម្ភខាងខែរនោច រួមមាន ខ្លោញវិស្ណុបទ លោញវីរ លោញ មូល តេងត្វនអ្សោ តេងត្វនវៅ តេងត្វនស្នំ តេងវ្រះវ្លុក តេងឝ្រោត្រិយ តេងសរស្វាតិ និង តេងត្វនចៅថ្ងេ

អត្ថបទពាក្យចារឹក

        (១). ១០២៩ ឝក  ទ្វាទឝី រោច វៃឝាខ អាទិត្យវារ រេវតិនក្ឞត្រ គិ នុ ស្ថាបនា ក

          (២). ម្រតេង ជគត ឝ្រីភទ្រេឝ្វរឝ្រម  វ្រះ រាជ បុន្យ វ្រះបាទ កម្រតេង អញ ឝ្រី

          (៣). ធរណិន្ទ្រវម៌្មទេវ  អាសន កម្រតេង ជគត ឝិវបុរ វិឞយធន្យបុរ វ្រះ

          (៤). ជំន្វន វ្រះបាទ កម្រតេងអញ ឝ្រីធរណិន្ទ្រវម៌្មទេវ ត កម្រតេ

          (៥). ង ជគត ឝ្រីភទ្រេឝ្វរឝ្រម ᵒ ស្រុក ឝ្រីភទ្រេឝ្វរឝ្រម បក្ឞ ខ្នេ

          (៦). ត ᵒ ត គិ ខ្លោញ វិទ្យាវាស ᵒ លោញ បុន ᵒ លោញ សាន ᵒ លោញ វ

          (៧). ង្ឝ ᵒ តេង ត្វន កន្ម្យង ᵒ តេង រត្ន ᵒ តេង ត្វន វ្រៅ ᵒ តេង ត្វន កន្ទិច ᵒ តេង គ្រាត តេង

          (៨). វីជ ᵒ ស្រុក ត្រវាង ក្រ្វច បក្ឞ​ ណ៌្ណោច ត គិ ខ្លោញ វិស្ណុបទ ᵒ លោញ

          (៩). វីរ ᵒ លោញ មូល ᵒ តេង ត្វន អ្សោ ᵒ តេង ត្វន វៅ ᵒ តេង ត្វន ស្នំ ᵒ តេង វ្រះ វ្លុ

          (១០). ក ᵒ តេង ឝ្រោត្រិយ ᵒ តេង សរស្វាតិ ᵒ តេង ត្វន បៅ ថ្ងេ ៙ ភូមិ សអាប តិ ចេ

          (១១). ក ភាគ វ្យរ ស្មេ នា ថ្វេ វ្រះបូជា ᵒ ទក្ឞិណ ខ្នេត ឧត្តរ ណ៌្ណោច ᵒ រង្កោ

          (១២). វ្រះ បូជា បម្រេ ប្រតិទិន ជេ ម្វយ ស្រេ និវន្ធ  ស្មិង ប្រាំ ខ្នេត ᵒ ប្រាំ ណ៌្ណោច៙

បំណកប្រែ

          (បន្ទាត់ទី១ ដល់ទី៣)៖ មហាសករាជឆ្នាំ១០២៩ ១២រោច ខែពិសាខ ថ្ងៃអាទិត្យ  រេវតិនក្សត្រ បានស្ថាបនាប្រាសាទ កម្រតេងជគតស្រីភទ្រេស្វរាស្រម  ដែលជាព្រះរាជផលបុណ្យរបស់ ព្រះករុណាព្រះបាទកម្រតេងអញស្រីធរណិន្ទ្រវម៌្មទេវ  អាសន កម្រតេងជគតសិវបុរ វិសយធន្យបុរ។

          (បន្ទាត់ទី៣ ដល់ទី១០)៖ ព្រះរាជតង្វាយរបស់ព្រះបាទកម្រតេងអញស្រីធរណិន្ទ្រវម៌្មទេវ  ថ្វាយចំពោះប្រាសាទកម្រតេងជគតស្រីភទ្រេស្វរស្រម  នៅស្រុកស្រីភទ្រេស្វរស្រម។ ខាងខែខ្នើត  មាន ខ្លោញវិទ្យាវាស  លោញបុន  លោញសាន លោញវង្ស តេងត្វនកន្ម្យង  តេងរត្ន  តេងត្វនវ្រៅ    តេងត្វនកន្ទិច តេង​​គ្រាត និង តេងវីជ។ នៅស្រុកត្រពាំងក្រូច ខាងបក្សរនោច​មាន ខ្លោញវិស្ណុបទលោញវីរ លោញមូល តេងត្វនអ្សោ តេងត្វនវៅ តេងត្វនស្នំ តេងវ្រះវ្លុក តេងឝ្រោត្រិយ តេងសរ ស្វាតិ និង តេងត្វនចៅថ្ងេ

(បន្ទាត់ទី១០ ដល់ទី១២)៖ តង្វាយនៅភូមិសអាបដែលចែកពីរភាគស្មើគ្នា សម្រាប់ធ្វើព្រះពិធីបូជាទក្សិណខ្នើត និងឧត្តររនោច។ អង្ករសម្រាប់បូជាថ្វាយព្រះ បម្រើជាប្រចាំថ្ងៃចំនួន ១ ជេ ស្រេ និវន្ធ៥ស្មិងនៅខាងខ្នើត  និង៥ស្មិងទៀតនៅខាងរនោច។  

ជារួមមក សិលាចារឹកភ្នំបាយ៉ង់ K.852 ខេត្តតាកែវ គឺពិតជាប្រភពព័ត៌មានដ៏សំខាន់ដែលបានរៀបរាប់អំពីព្រះរាជប្រវេណីរបស់ព្រះមហាក្សត្រខ្មែរ ដែលជានិច្ចកាលតែងតែសព្វព្រះរាជហឫទ័យកសាងអាស្រម និងថ្វាយតង្វាយដល់ព្រះនៅអាស្រម ជាក់ស្តែងដូចជា ព្រះបាទកម្រតេងអញស្រីធរណិន្រ្ទវម៌្មទេវ (ទី១) ដែលបានរៀបរាប់នៅក្នុងអត្ថបទសិលាចារឹកនេះស្រាប់តែម្តង។ ជាពិសេស ទិន្នន័យសិលាចារឹកនេះ យើងពិតជាដឹងយ៉ាងច្បាស់ថា នៅសម័យបុរាណ ភ្នំបាយ៉ង់ គេបានប្រសិទ្ធិនាមទៅជា “ក្រុងរបស់ព្រះសិវ” ដែលជាទេវស្ថានដ៏ស័ក្តសិទ្ធិសម្រាប់ព្រះរាជាជាច្រើនព្រះអង្គ។ ម្យ៉ាងវិញទៀត ប្រវត្តិវិទូជាច្រើនបានស្នើថា “ព្រះបាទធរណិន្រ្ទវម៌្មទេវ (ទី១)” មិនបានសោយរាជ្យនៅរាជធានីអង្គរនោះទេ ពោល គឺទ្រង់សោយរាជ្យនៅរាជធានីមហីធរបុរដែលជាទឹកដីបុព្វបុរសរបស់ទ្រង់។ ប៉ុន្តែ ទោះជាដូច្នេះក្តី នៅដើមរាជ្យរបស់ទ្រង់ (គ.ស.១១០៧) ទ្រង់បានសព្វព្រះរាជហឫទ័យសាងព្រះរាជផលបុណ្យកសាងអាស្រម និងចាត់ចែងមនុស្សបម្រើដល់ព្រះនៅតំបន់ភាគខាងត្បូងប្រទេស (ភ្នំបាយ៉ង់ ខេត្តតាកែវបច្ចុប្បន្ន) ដែលជាទីតាំងមួយស្ថិតនៅសែនឆ្ងាយពីរាជធានីមហីធរបុរ។

————-

Phnom Bayang Inscription K.852

The Phnom Bayang Inscription K.852 is kept at the Angkor Conservation Center in Siem Reap. It is a type of inscription written on a small boundary pillar sandstone (sima) and was first read and translated by George Coedès in 1937. The inscription was written in Khmer in 1107 CE, corresponding to the reign of King Dharanindravarman I (1107 – 1113 CE). The overall meaning describes the merits of King Dharanindravarman I who built a monastery (āśrama) on the peak of Phnom Bayang called kamrateń jagat ta rāja śribhadreśravaśrama. After the construction, the king provided a large amount of gifts to the monastery, giving them according to the months of khnet and ranoc. Of special note, these royal gifts were not ordinary people or slaves, but rather they were all noble people with full titles. They were appointed by the king to help oversee and provide offerings to the monastery and the king determined the number of people who would come to support the monastery in the months of khnet and ranoc.

អត្ថបទដោយ៖ កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!