ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទភ្នំកូនខ្លែង

ប្រាសាទភ្នំកូនខ្លែង

ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ គឺជាទីតាំងមួយស្ថិតនៅតាមបណ្តោយផ្លូវបុរាណពី​តំបន់អង្គរទៅកាន់តំបន់ភិមាយ។ ហេតុដូច្នេះហើយ សំណល់តឹកតាងបុរាណដែលនៅសេសសល់​មានរាប់មិនអស់ ជាពិសេស គឺសំណល់ស្ថាបត្យកម្មប្រាសាទបុរាណជាច្រើនកន្លែង។ ទោះបីជា​​តំបន់នេះជាអតីតទីក្រុងបុរាណដ៏សំខាន់ និងធ្លាប់ជាកន្លែងមានមនុស្សបុរាណរស់នៅច្រើនយ៉ាង​ណាក្តី បើពិនិត្យមើលទៅប្រាសាទបុរាណដែលនៅមានរូបរាងល្អ គឺមានតែ ២ ប៉ុណ្ណោះ ពោល គឺ​ប្រាសាទប្រាំ និងប្រាសាទភ្នំកូនខ្លែង។ ក្នុងនោះ ប្រាសាទភ្នំកូនខ្លែង មានទីតាំងស្ថិត​នៅក្នុងភូមិភ្នំខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយប្រមាណ ១៥ គ.ម. ភាគពាយព្យទីរួមស្រុកភ្នំស្រុក និងស្ថិតនៅលើភ្នំ​ធម្មជាតិមួយដែលមានកម្ពស់ប្រមាណ ៦០ ម៉ែត្រ។ តើប្រាសាទភ្នំកូនខ្លែង មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?

នៅចុងស.វ.ទី១៩ ដើមស.វ.ទី២០ រហូតមកទល់ទសវត្សរ៍ ១៩៧០ ក្នុងអំឡុងពេលដែល​អ្នកស្រាវជ្រាវជនជាតិបារាំង ចាប់ផ្តើមចុះបញ្ជី និងសិក្សាស្រាវជ្រាវប្រាសាទបុរាណនៅកម្ពុជា គេ​មិនទាន់បានមកដល់ប្រាសាទនេះឡើយ។ ក្រោយមកទៀត នៅអំឡុងទសវត្សរ៍ ១៩៨០, ១៩៩០ ស្រុកខ្មែរជួបសង្រ្គាស៊ីវិលអូសបន្លាយយូរឆ្នាំ ការសិក្សាអំពីប្រាសាទភ្នំកូនខ្លែងក៏មិនមានដែរ។ ទើប​តែពេលថ្មីៗនេះទេដែលមានស្ថាប័នជាតិ និងអន្តរជាតិមួយចំនួនបានចេញផ្សាយអំពីប្រាសាទភ្នំ​កូនខ្លែងតាមរូបភាពផ្សេងៗ។

ប្រាសាទភ្នំកូនខ្លែង ជាប្រភេទសំណង់ទោល មានប្រាង្គចំនួនបួនសាងអំពីឥដ្ឋនៅលើខឿន​មានរាងបួនជ្រុងទ្រវែងធ្វើអំពីថ្មបាយក្រៀម រត់ត្រង់​ជួរស្របគ្នានៅលើ​អ័ក្សពីជើងទៅត្បូង បែរមុខ​ទៅទិសខាងកើត និងហ៊ុមព័ទ្ធ​ទៅដោយកំពែងមានរា​ង​បួនជ្រុងស្មើសាងឡើងពី​ថ្មបាយក្រៀម។ ក្នុងនោះ នៅមុខខាងកើតមានប្រាង្គមួយទៀតដើរតួនាទីជាសំណង់ច្រកចូលរបស់ប្រាសាទ​ ដែល​សាងសង់ឡើងអំពីថ្មបាយក្រៀមនិងស៊ុមទ្វារធ្វើអំពីថ្មភក់ ហើយមានស្រះធំមួយនៅទិសខាងកើត​ប្រាសាទ។ ក្នុងចំណោម ប្រាង្គកណ្តាលទាំងបួន គឺមានប្រាង្គតែមួយប៉ុណ្ណោះដែលនៅឈរមាន​រូបរាងល្អ រីឯប្រាង្គបីទៀតបានបាក់រលំនៅសល់តែគ្រឹះប៉ុណ្ណោះ។ បើពិនិត្យទៅលើទំហំកំពែងថ្ម​បាយក្រៀមដែលមានរាងបួនជ្រុងស្មើប្រមាណ ២២ ម៉ែត្រ x ២២ ម៉ែត្រ បង្ហាញឱ្យឃើញថា ប្រាង្គ​ទាំងបួនរបស់ប្រាសាទពុំស្ថិតនៅចំអ័ក្សកណ្តាលខាងក្នុងបរិវេណកំពែងឡើយ ពោល គឺប្រាង្គទាំង​អស់គេសង់ងាកទៅទិសខាងលិចខ្លាំង។ ប៉ុន្តែ បើពិនិត្យមើលលើគម្លាតពីកំពែងផ្នែកខាងត្បូងទៅ​កាន់ប្រាង្គទី១ (ប្រាង្គខាងត្បូងបង្អស់) និងពីកំពែងផ្នែកខាងជើងទៅកាន់ប្រាង្គ​ទី៤ (ប្រាង្គខាងជើង​បង្អស់) គឺមានគម្លាតស្មើគ្នា។ អ្វីដែលគួរឱ្យកត់សម្គាល់ ប្រាង្គទី១ ទី២ និងទី៣ មានគម្លាតស្មើគ្នា​ប្រមាណ ៣,៥ ម៉ែត្រ ហើយប្រាង្គទី២ដែលស្ថិតនៅចំកណ្តាលបែរមុខចំទៅរកខ្លោងទ្វារច្រកចូលខាង​កើត ចំណែកឯប្រាង្គទី៤ (ប្រាង្គខាងជើងបង្អស់) មានគម្លាតកៀកខ្លាំងទៅរកប្រាង្គទី៣។ ចំណុច​នេះហាក់ចង់បញ្ជាក់ឱ្យដឹងថា ប្រាង្គទី៤ (ប្រាង្គខាងជើងបង្អស់) និងប្រាង្គ​បី​ផ្សេងទៀត សាងសង់ឡើងក្នុងពេលវេលាខុសគ្នា។ បើមើលត្រឹមតែរចនាសម្ព័ន្ធនៃការរៀបចំប្លង់​បែបនេះ យើងអាចសន្និដ្ឋានបាន ២ យ៉ាង។ ករណីទី១ ទំនងប្រាង្គទី៤ (ប្រាង្គខាងជើងបង្អស់) សាងសង់ឡើងក្រោយ​ប្រាង្គបីផ្សេងទៀត បន្ទាប់មកទើបគេសាងសង់កំពែងនិងសំណង់ច្រកចូល​ខាងកើត ដើម្បីឱ្យស្របគ្នាជាមួយប្រាង្គទាំងបួនដែលមាននៅបរិវេណខាងក្នុង។ ករណីទី២ ក៏អាច​ទៅរួចដែរ គឺទំនងជាប្រាង្គទី៤ (ប្រាង្គខាងជើងបង្អស់) សាងសង់ឡើងមុនគេបង្អស់ក្នុងសម័យ​កាលណាមួយ ហើយសម័យក្រោយមកទៀតទើបគេកសាងប្រាង្គបី កំពែង និងច្រកចូលបន្ថែម។​ ​ប្រាសាទមានប្រាង្គបួនតម្រៀបគ្នា​ជាជួរបែបនេះ គេមិនសូវនិយមឡើយ ទាំងសម័យមុន​អង្គរ និងសម័យអង្គរ ពោល គឺភាគច្រើន​គេឃើញតែប្រាង្គពីរឬបីរត់ជួរគ្នាលើអ័ក្សពីជើងទៅត្បូង និង​មានប្រាង្គមួយ ឬពីរផ្សេងទៀតនៅ​ទិសអាគ្នេយ៍ និងទិសឦសាន ដើរតួនាទីជាសំណង់ហោត្រៃ​បែរ​មុខបញ្ច្រាស់មករកប្រាង្គសំខាន់។

ប្រាង្គដែលនៅឈរមានរូបរាងល្អ គឺប្រាង្គទី២ (ប្រាង្គដែលស្ថិតនៅស្របអ័ក្សកើត-លិច ជាមួយខ្លោងទ្វារច្រកចូលខាងកើត) ដែលជាសំណង់ឥដ្ឋមានរាងបួនជ្រុងស្មើ ទំហំ ៤ ម៉ែត្រ x ៤ម៉ែត្រ មានទ្វារចូលនៅទិសខាងកើត និងជញ្ជាំងបីទិសផ្សេងទៀត (ខាងលិច ខាងជើង និងខាងត្បូង) គេ​លម្អជាទ្វារបញ្ឆោត។ ស្ថានភាពប្រាង្គទី២នេះ ក៏មិនសូវល្អប៉ុន្មានឡើយ ព្រោះដំបូលខាងលើបានបាក់បែកធ្លាក់មកក្រោមអស់ ហើយជញ្ជាំងនៅជ្រុងពាយព្យ និងនិរតីក៏ហែក​ចេញពីគ្នាទៅហើយដែរ ពោល គឺងាយនឹងបាក់រលំបំផុត ប្រសិនបើពុំមានការយកចិត្តទុក​ដាក់ និងជួសជុលឱ្យបាន​ឆាប់រហ័ស។ ចំណែកស៊ុមទ្វាររបស់ប្រាសាទ រចនាឡើងដោយផ្នែកខាងចុងបញ្ឆិតលើក្រោមដាក់​បញ្ឆិតស៊ីគ្នាបង្កើតបានជាស៊ុមទ្វារឡើង ដែលមិនខុសអ្វីពីស៊ុមរូបថតបច្ចុប្បន្នឡើយ។ ​ជាទូទៅ ស៊ុមទ្វារមានទម្រង់បែបនេះ គឺគេនិយមតែនៅសម័យអង្គរប៉ុណ្ណោះ ចំណែកនៅសម័យមុនអង្គរ​គេមិននិយមឡើយ។

ក្រៅអំពីអ្វីដែលបានរៀបរាប់ខាងលើ បច្ចុប្បន្នមានវត្ថុសិល្បៈមួយចំនួនកំពុងរក្សាទុកនៅ​ខាងមុខប្រាង្គទី២ ដូចជា ជើងទម្រ កំពូលប្រាសាទ បំណែកផ្តែរទ្វារ សសរពេជ្រ ទ្រនាប់ជណ្តើរ បង្គោលសីមា ហើយខាងក្នុងប្រាង្គទី២មានចម្លាក់ទេពកំពុងសមាធិ ។ គួរកត់សម្គាល់​ជាពិសេសនោះគឺ យ៉ាងហោចណាស់ជើងទម្រដែលបន្សល់ទុកនៅប្រាសាទភ្នំកូនខ្លែងមានចំនួន ២ ទម្រង់។ ទម្រង់ទី១ ជាជើងទម្រដែលលម្អឡើងជាស្រទាប់ច្រើនថ្នាក់ ហើយរាប់ពីក្រោមមកថ្នាក់​ទី២ គឺផតរួមតូចនិងមានលម្អជាក្បាច់សសរផ្អោប។ ជើងទម្របែបនេះ មានឥទ្ធិពល​ចេញមកពីសិល្បៈឥណ្ឌា ហើយពេញនិយមយ៉ាងខ្លាំងក្នុងសិល្បៈខ្មែរសម័យបុរាណ ជាពិសេស​នៅរចនាបថសំបូរព្រៃគុក ព្រៃក្មេង កំពង់ព្រះ (ស.វ.ទី៧ – ៨) និងបន្តដល់រចនាបថគូលែន ដើម​សម័យអង្គរ (ចុងស.វ.ទី៨ ដើមស.វ.ទី៩)។ ក្នុងស.វ.ទី៧ – ៨ ជើងទម្រដែលមានទម្រង់បែបនេះ គេប្រើប្រាស់ថ្ម​ភក់ជាច្រើនស្រទាប់ត្រួតលើគ្នា ហើយជាទូទៅមាន ៤ ស្រទាប់ (ស្រទាប់ទី២ជាក្បាច់សសរផ្អោប និងស្រទាប់ទី៤ខាងលើបង្អស់ជាស្នានទ្រោណី) ប៉ុន្តែនៅដើមសម័យអង្គរក្នុងរចនាបថ​គូលែន គេ​មិនប្រើប្រាស់ថ្មភក់ច្រើនស្រទាប់ត្រួតលើគ្នាទេ ពោល គឺគេប្រើប្រាស់ថ្មភក់តែមួយដុំ​ឆ្លាក់ចេញជា​រូបរាងច្រើនថ្នាក់តែម្តង លើកលែងតែផ្នែកខាងលើបង្អស់គេប្រើប្រាស់ថ្មភក់មួយដុំ​ផ្សេងមកដាក់​បំពេញពីលើក្នុងទម្រង់ជាស្នានទ្រោណី ដូចឃើញមាននៅតាមប្រាសាទមួយចំនួន​លើភ្នំគូលែន (ប្រាសាទអូរតូប, ប្រាសាទអូរថ្មដាប់)។ ហេតុដូច្នេះហើយ ជើងទម្រទម្រង់ទី១ ដែល​រកឃើញនៅ​ប្រាសាទភ្នំកូនខ្លែង គឺមានលក្ខណៈដូចគ្នាបេះបិទជាមួយជើងទម្រនៅចុងសម័យមុន​អង្គរ ដើម​សម័យអង្គរ ក្នុងរចនាបថគូលែន (ចុងស.វ.ទី៨ ដើមស.វ.ទី៩)។ ចំណែក ទម្រង់​ទី២ ជា​ជើងទម្រជាបល្ល័ង្កមានរាងបួនជ្រុងស្មើ ដែលឆ្លាក់ឡើងជារាងក្បាច់ថ្នាក់ៗ មានផ្នែកខាងក្រោមនិង​ខាងលើមានទំហំបាតនិងមាត់ស្មើគ្នា ហើយនៅចំកណ្តាលឆ្លាក់ជាក្បាច់បន្ទះត្រង់ផុសឡើង។ ជើងទម្រនេះអាចមានអាយុកាលចន្លោះពីស.វ.ទី៩ ដល់ស.វ.ទី១៣ (សម័យអង្គរ)។ ចំណែក បំណែកផ្តែរទ្វារលម្អជាក្បាច់ស្លឹកឈើនៅលើបន្ទាត់ធ្នូ ដែលផ្នែកកណ្តាលគ្រេចចុះក្រោម ផ្នែកខាងចុងរាងកោងឡើងលើជាក្បាច់វង់ហៀន នៅពីលើបន្ទាត់ធ្នូមានចម្លាក់ទេពរងមួយ​ចំនួន ហើយបំណែកផ្តែរខ្លះទៀតមានលម្អជាចម្លាក់ទេពប្រណម្យតម្រៀបជាជួរនៅ​ផ្នែកខាងលើថែមទៀតផងដែលទម្រង់ទាំងអស់នេះបង្ហាញថា បំណែកផ្តែរទ្វា​រ​ដែលរកឃើញនៅប្រាសាទភ្នំកូនខ្លែងមានលក្ខណៈដូចទៅនឹងផ្តែរទ្វារនៅក្នុងរចនាបថកោះកេរ ឬ​រចនាបថប្រែរូប ស.វ.ទី១០ ក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៤ (គ.ស.៩២១ – ៩៤១) ឬព្រះបាទ​ស្រីរាជេ​ន្រ្ទវរ្ម័ន (គ.ស. ៩៤៤ – ៩៦៧)។           

ជារួមមក ព័ត៌មានដែលបានរៀបរាប់ខាងលើ អាចជាពន្លឺខ្លះៗអាចឱ្យយើងសាកល្បង​កំណត់អាយុកាល និងតួនាទីរបស់ប្រាសាទភ្នំកូនខ្លែង។ យោងទៅតាមរចនាសម្ព័ន្ធនៃការរៀបចំ​ប្លង់ប្រាសាទ និងភស្តុតាងប្រវត្តិសិល្បៈដែលបានរកឃើញនៅទីតាំងផ្ទាល់ អាចទាញសេចក្តី​សន្និដ្ឋានថា ប្រាសាទភ្នំកូនខ្លែង ទំនងកសាងឡើងជា ២ ដំណាក់កាល​ផ្សេងគ្នា។ ដំណាក់ដំបូង ទំនងនៅទីនេះ ជាទេវស្ថានព្រហ្មញ្ញសាសនា ដែលលេចចេញដំបូងជាប្រាសាទមានប្រាង្គ​តូចមួយ​នាចុងសម័យមុនអង្គរ ដើមសម័យអង្គរ រវាងចុងស.វ.ទី៨ ដើមស.វ.ទី៩ (រចនាបថគូលែន) ដោយ​យោងទៅលើភស្តុតាងប្រាង្គទី៤ (ប្រាង្គខាងជើង) ដែលមានទំហំតូចជាងប្រាង្គបីផ្សេង​ៗទៀត។ ដំណាក់កាលបន្ទាប់ គេបានតម្រៀបថ្មបាយក្រៀមធ្វើជាខឿនមានរាងបួនជ្រុងទ្រវែងបន្តពីខឿន​ចាស់ដែលមានស្រាប់ រួចកសាងប្រាង្គបីបន្ថែមនៅខាងត្បូងប្រាង្គទី៤ ហើយបន្ទាប់មកទៀតទំនង​គេកសាងកំពែងធ្វើអំពីថ្មបាយក្រៀម និងច្រកចូលខាងកើតមួយឱ្យស្របទៅនឹងប្រាង្គទី២ ព្រោះ​ប្រាង្គទី២ អាចដើរតួនាទីជាប្រាង្គកណ្តាល (ប្រាង្គសំខាន់ជាងគេ) ក្នុងចំណោមប្រាង្គទាំងបីដែល​​កសាងឡើងក្នុងពេលដំណាលគ្នា។ ដោយយោងទៅតាមបំណែកផ្តែរទ្វារ បំណែកសសរពេជ្រ​រាងប្រាំបីជ្រុង បង្ហាញឱ្យឃើញថា ដំណាក់កាលទី២នេះ ទំនងសាងឡើងនៅស.វ.ទី១០ ក្នុងរចនា​បថកោះកេរ ឬរចនាបថប្រែរូប ហើយបើយើងធៀបសំណង់ដែលនៅឈរមានរូបរាងជាមួយ​ប្រាសាទភ្នំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម សំណង់នេះមានភាពដូចគ្នាច្រើន។ ម្ល៉ោះហើយ យើង​គិតថាប្រាង្គទាំងបីដែលសង់នៅដំណាក់កាលទី២នេះ ប្រហែលស្ថិតនៅក្នុងរជ្ជកាលព្រះបាទ​ស្រីរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤ – ៩៦៧) រចនាបថប្រែរូប ច្រើនជាងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៤ ក្នុងរចនាបថកោះកេរ។ ដោយឡែក ចំពោះតួនាទីរបស់ប្រាសាទវិញ យើងមិនអាចដឹងច្បាស់ថា តើសំណង់នេះស្ថិតនៅក្នុងបរិបទព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនាឡើយ ដ្បិតយើងបានដឹង​ស្រាប់ហើយថា ក្នុងរជ្ជកាលព្រះបាទស្រីរាជេន្រ្ទវរ្ម័ន ជាអំឡុងពេលមួយដែលព្រះពុទ្ធសាសនា​ និកាយវជ្រយានកំពុងតែសាយភាយឥទ្ធិពលយ៉ាងខ្លាំង ជាឧទារហណ៍ ប្រាសាទភ្នំត្រប់ ខេត្តកំពង់​ចាម ស.វ.ទី១០ ក៏ជាប្រាសាទដែលឧទ្ទិសដល់ព្រះពុទ្ធសាសនាវជ្រយានដូច្នោះដែរ។

—————

Prasat Phnom Kon Khlaeng Temple

Prasat Phnom Kon Khlaeng Temple is situated on the summit of the Phnom Kon Khlaneg Mountain, in Poy Char commune, Phnom Srok district, Banteay MeanChey province. The temple group consists of four brick sanctuaries on the laterite basement. The four main sanctuaries face to the east and are surrounded by the laterite enclosure with an entrance on the eastern side. Due to this temple not having information from the inscriptions, it has faced difficulties in recognizing the date and the role of the temple in religion. However, according to the layout and the art historical evidence of the temple, it has been concluded that Prasat Phnom Kon Khlaeng was possibly built in two distinct phases, the first phase was a small tower built between the late 8th and the early 9th centuries (Kulen style?), and the second phase was a phase in which three additional towers were built, each larger than the previous one, and finally a laterite enclosure was built surrounding it, including the eastern entrance, in the half of 10th century, the reign of King Rajendravarman (944 – 967 CE) (Pre Rub style).

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!