ប្រាសាទបានភ្លួង

ប្រាសាទបានភ្លួងស្ថិតនៅភូមិបានភ្លូង ស្រុកប្រាសាទ ខេត្តសុរិន្ទ ចម្ងាយពីព្រំដែនខ្មែរច្រកអូស្មាច់ ប្រហែល៣៥គម។ ប្រាសាទនេះសាងនៅរវាងស.វទី១១-១២ និងធ្លាប់ជួសជុលតាមបែបអាណាស្ទីឡូហ្សីស (Anastylosis method) នៅឆ្នាំ១៩៧២ដោយលោក Vance R. Childress។ វិធីជួសជុលតាម បែបអាណាស្ទីឡូហ្សីស គឺប្រើថ្ម ឬវត្ថុដើមដែលមាននៅប្រាសាទ ដើម្បីជួសជុលប្រាសាទ ឡើងវិញ។ នៅលើផ្ដែរនៃទិសខាងកើត និងខាងត្បូងផ្នែកកណ្ដាលមានបង្ហាញចម្លាក់ព្រះឥន្ទជិះដំរី (ភាគច្រើនចម្លាក់ព្រះឥន្ទជិះដំរីនៅតាមប្រាសាទនានាបែរទៅទិសខាងកើត​ ប៉ុន្តែប្រាសាទនេះមានបែរទៅទិសខាងត្បូងមួយទៀត​ របៀបនេះអាចមានខ្លះដែរនៅតំបន់អង្គរ)។

តាមអ្នកភូមិ (ខ្មែរសុរិន្ទ) រស់នៅម្ដុំប្រាសាទនេះបានប្រាប់ថា រហូតមកដល់សព្វថ្ងៃនៅមានទំនៀមរៀបពិធីទាក់ទងនឹងរឿងស្ដេចដំរីស និងនាងសក់ក្រអូប (ឬនាងទន់សត្ត្រា)នាខែចែត្ររៀងរាល់ឆ្នាំ។ រឿងទាក់ទងនឹងនាងសក់ក្រអូប និងស្ដេចដំរីសមានប្រជាប្រិយណាស់នៅម្ដុំប្រាសាទនេះ ក៏ដូចជាខេត្តសុរិន្ទទាំងមូល។  រឿងព្រេងនេះមិនល្បីតែនៅស្រុកខ្មែរទេ​ សូម្បីតែនៅស្រុកលាវនៅម្ដុំភូមិក្បែរប្រាសាទណាងអ៊ីង (នៅជាប់ព្រំដែនលាវ និងខ្មែរ មានភូមិជនជាតិខ្មែរនៅទីនោះ) ក៏មាននិយាយទាក់ទងនឹងរឿងនាងសក់ក្រអូប (ឬស្ដេចដំរីស) ដែរ។

អ្នកនៅខេត្តសុរិន្ទជឿលើស្ដេចដំរីសនោះណាស់​ ដូច្នោះហើយជារៀងរាល់ឆ្នាំ​គេតែងតែរៀបពិធីធំទាក់ទងនឹងស្ដេចដំរីសនៅក្នុងខេត្ត។  បើនិយាយអំពីរឿងស្ដេចដំរីសនេះ​ គឺវែងឆ្ងាយណាស់​ ទាំងនៅក្នុងជំនឿ​ ទំនៀមទម្លាប់​ នយោបាយ​ និងសង្គម។  ទំនៀម ឬជំនឿលើដំរី (ដំរីស) ជ្រាបចូលនៅក្នុងសង្គមខ្មែរ បុរាណខ្លាំងណាស់។ ឧទាហរណ៍ រឿងដំរីជាមួយព្រះពុទ្ធក៏មានជាចម្លាក់នៅតាមប្រាសាទខ្មែរ​ ហើយដែលច្បាស់មែនទែននៅប្រាសាទព្រះបាលីល័យនៅអង្គរធំ​ (សាងនៅស.វទី១៣​ ក្នុងរាជ្យនៃ ព្រះបិតារបស់ព្រះបាទ​ជ័យវរ្ម័នទី៧) ។             

ក្នុងប្រវត្តិសាស្ត្រខ្មែរ​ក៏មាននិយាយច្រើនអំពីទម្លាប់​ ឬក៏ចំណូលចិត្តនៃការទាក់ដំរីរបស់ព្រះរាជា​ដែលមានចារជាសិលាចារឹក​ (ឧ.​ ព្រះបាទជ័យវរ្ម័នទី៣)​ សរសេរនៅក្នុងព្រះរាជពង្សាវតារ​ និងកំណត់ត្រារបស់អ៊ឺរ៉ុប (ព្រះបាទអង្គច័ន្ទនៅស.វទី១៦)។ល។ គំនិតទាក់ទងនឹងស្ដេចដំរីស​ ពោលគឺជានិមិត្តរូបនៃអំណាចរបស់ស្ដេច​។ 

អត្ថបទដើម៖ លោក ញឹម សុធាវិន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!