ពិធីបុណ្យវិសាខបូជា

វិសាខបូជា គឺជាពិធីបូជាធំ វិសេសវិសាល និងមានសារៈសំខាន់បំផុតមួយសម្រាប់ពុទ្ធសាសនិកទាំងឡាយក្នុងសកលលោកនេះ។​ វិសាខបូជា គឺជាពុទ្ធានុស្សរណរំលឹកដល់ព្រះពុទ្ធគោត្តមនៅថ្ងៃ១៥កើត ពេញបូណ៌មី ខែពិសាខ ហើយកំណត់ឲ្យឈ្មោះថាវិសាខ បូជា។ ពិធីបុណ្យវិសាខបូជា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិ ថាជាមហាមង្គលអភិលក្ខិតកាល គឺមានន័យថា ជាថ្ងៃមហាមង្គលរបស់ព្រះសមាសម្ពុទ្ធព្រះបរមគ្រូទ្រង់៖

១  ព្រះអង្គប្រសូតចាកព្រះមាតុទរ

២ ព្រះអង្គទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ

៣ ព្រះអង្គទ្រង់រំលត់ក្ខន្តចូលកាន់ព្រះបរមនិព្វាន

ព្រឹត្តិការណ៍ទាំងបីយ៉ាងនេះ គឺ ប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាន គឺសុទ្ធតែត្រូវនៅក្នុងថ្ងៃពេញបូណ៌មីខែពិសាខទាំងអស់ លើកលែងតែឆ្នាំប៉ុណ្ណោះដែលមិនត្រូវគ្នា។

វេលានៃការប្រារព្វពិធីវិសាខបូជា ក្នុងប្រទេសកាន់ព្រះពុទ្ធសាសនាណាៗក្តី ក៏នឹងត្រូវប្រព្រឹត្តិទៅនៅវេលាយប់ទាំងអស់ ដែលទាំងនេះគឺជាប់ពាក់ព័ទ្ធនឹងពីរករណី៖ ទីមួយគឺតម្រូវទៅលើវេលាដែលព្រះច័ន្ទពេញបូណ៌មី និងទីពីរគឺទាក់ទងនឹងការអុជប្រទីបជ្វាលាបូជាឲ្យភ្លឺរុងរឿងឡើង ហើយក៏ដើម្បីឲ្យពុទ្ធសាសនិកបានជួបជុំគ្នាត្បិតជាវេលាយប់ដែលមានពេលទំនេរ។ ពិធីបុណ្យក្នុងព្រះពុទ្ធសាសនា គឹមានសារៈសំខាន់ណាស់សម្រាប់ពុទ្ធសាសនិកប្រុសស្រីចាស់ក្មេងទាំងឡាយ។ ប៉ុន្តែរឹតតែវិសេសវិសាលជាងនេះ ពុទ្ធសាសនិកទាំងចាស់ក្មេងបានឲ្យសារៈសំខាន់នឹងភាពចាំបាច់ចំពោះពិធីបុណ្យវិសាខបូជា។ គេបាននាំគ្រឿងសក្ការៈបូជាទាំងឡាយ ពិសេសមាន ផ្កាភ្ញី និងប្រទីបជ្វាលាធំ តូច ហើយអុជបំភ្លឺព្រោងព្រាត ដែលជាទូទៅធ្វើឡើងក្នុងអារាមនានា។

តាមគន្លងប្រពៃណីដែលត្រឹមត្រូវ ការប្រារព្វពិធីបុណ្យវិសាខបូជា គឺត្រូវមានការសំដែងខ្សែរឿងពុទ្ធប្រវត្តិ​តាំងអំពីដើមរហូតដល់ចប់។ ការសូត្រសំដែងនេះ គឺដើម្បីជាគ្រឿងបណ្តុះសទ្ធាដល់ពុទ្ធបរិស័ទឲ្យកើតមានក្នុងគុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃឲ្យបានខ្លាំងក្លារឹងមាំឡើង។ ដោយឡែកសម្រាប់គ្រឿងផ្សេងៗដែលជាអមិសបូជា ឬដង្វាយដែលជាគ្រឿងទាក់ចិត្តទាំងឡាយដូចជាទេយ្យទាន និងអាហារជាដើមក្តី គ្មានមានសំខាន់ ឬភាពចាំបាច់ឡើយក្នុងកិច្ចពិធិនេះ។

ពិធីបុណ្យវិសាខបូជាក៏មានប្រារព្វជាពិសេសក្នុងព្រះបរមរាជវាំងដែរ ពីព្រោះជាព្រះរាជកុសលផ្ទាល់របស់ព្រះអង្គ។ ក្នុងព្រះរាជវាំងមានរៀបចំតាំងព្រះពុទ្ធរូប ហើយព្រះមហាក្សត្រព្រះអង្គ បានតាំងគ្រឿងដង្វាយដែលជាព្រះរាជទ្រព្យផ្ទាល់របស់ទ្រង់ ដែលមានដូចជាផ្កាស្រស់ជាច្រើនគូ ទៀនធំលាបទឹកមាស១គូ ទៀនតូចៗជាច្រើន និងប្រទីបជ្វាលាភ្លឺព្រោងព្រាត។ ក្នុងវេលាម៉ោង៧យប់ ព្រះរាជាយាងទៅអុជទៀនធូប និងធ្វើបទមនស្សការព្រះរតនត្រ័យ និងទ្រង់ធ្វើកិច្ចសំដែងសុំខមាទោសកំហុសនៅចំពោះព្រះភក្តិរបស់ព្រះពុទ្ធបដិមា។​ លំដាប់បន្ទាប់មក មានព្រះសង្ឃសំដែងធម្មទេសនា​ ជាពិសេសអំពីជាតិត្រកូលដូចជា រឿងការប្រសូតរបស់ព្រះសមាសម្ពុទ្ធ រឿងមានព្រះទេពី រឿងគ្រប់គ្រងរាជ្យ រឿងស្តេចចេញទ្រង់ផ្នួស រឿងត្រាស់ជាព្រះពុទ្ធ ព្រះអង្គទ្រង់បំពេញពុទ្ធកិច្ច និងព្រះអង្គរំលត់ខន្ធចូលទៅកាន់ព្រះបរមនិព្វានជាបង្ហើយធម្មទេសនា។ គួរឲ្យកត់សម្គាល់ថាទំនៀមការប្រារព្វពិធីបុណ្យវិសាខបូជា គឺមានតាំងពីបុរាណកាលមក គឺមានបន្ទាប់ពីព្រះពុទ្ធចូលកាន់ព្រះមហាបរិនិព្វាជាច្រើនរយឆ្នាំ ហើយប្រទេសដែលបានប្រារព្វពិធីនេះដំបូងគេគឺទំនងជាប្រទេសឥណ្ឌា។ ប៉ុន្តែលុះក្រោយមកនៅពេលដែលសាសនានេះ បានទទួលយកមកប្រតិបត្តិដោយប្រទេសជាច្រើនហូរហែរមក ទើបប្រទេសទាំងនោះ ក៏មានប្រារព្វពិធីបុណ្យរំលឹកដល់ព្រឹត្តិការណ៍ដ៏សំខាន់ទាំងបីរបស់ព្រះសម្មាសម្ពុទ្ធជាទូទៅរៀងរាល់ឆ្នាំតរាបរៀងមក។

———————————————-

Visak Puja

Visak Puja is a combination of the two words. Visak is the name of the month in the Luna calendar and Puja is a Pali word, which primarily signifies fast day. The first and most important holy day is the 15th full moon day of Visak (May), which commemorates Buddha’s birth, enlightenment, and ascension to Nirvana. It is the most important day for Buddhists all over the world.

The night is the best time to celebrate Visak Puja for two reasons. Firstly, it is related to full moon time. Secondly, it is related to the activity of lighting the incents, candles, and illuminating. Also, the night is free time, so people can gather in the pagoda to do the ceremony.

Traditionally, the ceremony comprises of many activities, but the most important activity is preaching the Buddha life by the monk. Those stories are the birth of Buddha, the marriage, the life of Buddha as a King, great departure, enlightenment, preaching the Dharma, and attaining Nirvana.

Visak Puja is also sacredly celebrated in the Royal Palace of Cambodia. One altar will be prepared with the statue of Buddha, two big candles and many more candles, flowers and illumination. Later, the King will light the incense and candles and pay his respects to the Buddha, Dharma, and Sangha.Just after this activity, the monk starts to preach the life of Buddha from birth until he attains Nirvana.

This ritual practice was celebrated after the death of Buddha and the first country to celebrate it was India. Later on, when Buddhism was accepted, those Buddhist countries started to celebrate from that onward.

អត្ថបទដើម៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!