ព័ត៌មានថ្មីបំផុត
ads banner
សមាជរដ្ឋសភា និងព្រឹទ្ធសភា ក្នុងថ្ងៃទី២ ប្រជុំពិភាក្សាលើប្រធានបទស្តីពី វិស័យកសិកម្ម បន្ទាប់ពីចំណាយពេលជាង១៦ម៉ោង ប្រជុំពិភាក្សាប្រធានបទពីរ ក្នុងថ្ងៃទី១
នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ សមាជរដ្ឋសភា និងព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា ដោយត្រូវប្រជុំពិភាក្សាលើប្រធានបទទី៣ ស្តីពីវិស័យកសិកម្ម បន្ទាប់ពីបានចំណាយពេលជាង១៦ម៉ោង ពោលគឺការប្រជុំចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង០០:២៥នាទី ឈានចូលថ្ងៃទី៣មិថុនា ក្នុងការពិភាក្សានិងអនុម័តលើប្រធានបទចំនួនពីរ គឺប្រធានបទស្តីពី ប្រព័ន្ធគំាពារសង្គមនិងប្រធានបទស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ កិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភានៅថ្ងៃទី២នេះ មានវត្តមានសមាជិកសមាជដែលជាសមាជិកព្រឹទ្ធសភាចំនួន៦០អង្គ/នាក់ និងសមាជិករដ្ឋសភាចំនួន១១៩អង្គ/នាក់។ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អបដោយឯកឧត្តម លោកជំទាវជាសមាជិកសមាជិការាជរដ្ឋាភិបាល និងឥស្សរជនជំនាញ អញ្ជើញមកធ្វើបទអន្តរាគមន៍ជូនអង្គសមាជ។ គណៈប្រតិភូគណបក្សនយោបាយនានា ដែលជាសមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ក៏បានចូលរួមផងដែរ។ សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ ដែលបានប្រារព្ធធ្វើនៅពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បម្រើឱ្យឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជាបទបញ្ជាផ្ទៃក្នុងនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា បានបង្ហាញពីស្មារតីទទួលខុសត្រូវ កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័ននីតិប្បញត្តិ និងនីតិប្រតិបត្តិនិងភាគីពាក់ព័ន្ធក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋនិងប្រទេសជាតិ។កិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី១ មានផ្សាយផ្ទាល់យ៉ាងទូលំទូលាយ លើបណ្តាញផ្សព្វផ្សាយរបស់រដ្ឋ ឯកជននិងស្ថាប័នជាច្រើនទៀត ជូនសាធារណជនបានទស្សនា និងស្វែងយល់ផងដែរ៕ដោយ៖ពលជ័យ
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner